អំពូលភ្លើងសូឡា ៣៣០ ដើម បង្កភាពសុវត្ថិភាព និងលើកសោភ័ណភាពសាធារណៈក្នុងស្រុកស្វាយអន្ទរ
ព្រៃវែង៖ ក្រោមការចង្អុលបង្ហាញ និងការយកចិត្តទុកដាក់ខ្ពស់របស់ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង និង លោក ហៃ សំណាង អភិបាលស្រុកស្វាយអន្ទរ ស្រុកស្វាយអន្ទរបានអនុវត្តគម្រោងដំឡើង អំពូលសូឡា ចំនួន ៣៣០ ដើម តាមផ្លូវសាធារណៈសំខាន់ៗក្នុងស្រុក ដើម្បីលើកកម្ពស់សុវត្ថិភាពសាធារណៈ និងលើកសោភ័ណភាពក្នុងមូលដ្ឋានសាធារណៈ។
ការដំឡើងអំពូលសូឡានេះ ប្រើប្រាស់ថាមពលព្រះអាទិត្យ (Solar Light) ដែលមិនត្រឹមតែផ្គត់ផ្គង់ពន្លឺចែងចាំងនៅពេលយប់ ប៉ុន្តែវាក៏ជាផ្នែកមួយនៃ យុទ្ធសាស្ត្រ "ភូមិ-ឃុំ មានសុវត្ថិភាព" ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងបង្កើនសុវត្ថិភាពសាធារណៈ។
ការដំឡើងអំពូលសូឡានេះគឺដើម្បីអោយប្រជាពលរដ្ឋធ្វើដំណើរមាន សុវត្ថិភាពចរាចរណ៍កាន់តែប្រសើរ អំពូលសូឡាបានផ្ដល់ពន្លឺចែងចាំង នៅលើដងផ្លូវដែលពីមុននេះមានសភាពងងឹតខ្លាំង។ ចំពោះអត្ថប្រយោជន៍នៃការដំឡើងអំពូលសូឡាអាចបន្ថយហានិភ័យគ្រោះថ្នាក់ចរាចរណ៍ និងជួយអោយអ្នកបើកបរមើលផ្លូវបានច្បាស់នៅពេលយប់។ការពារសកម្មភាពមិនប្រក្រតី
ពន្លឺចែងចាំងនេះអាចជួយបង្ការការជួញដូរ និងសកម្មភាពមិនប្រក្រតីផ្សេងៗ ក្នុងតំបន់សាធារណ:។
ការធ្វើដំណើរពេលយប់កាន់តែងាយស្រួល
ជាពិសេសចំពោះសិស្សានុសិស្សដែលធ្វើដំណើរចេញពីសាលាពេលយប់ និងប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរទៅទីជិតឆ្ងាយពេលយប់ អាចធ្វើដំណើរបានដោយសុវត្ថិភាព។
មិនតែប៉ុណ្ណោះក៏បានលើកសោភ័ណភាពនៃភូមិ និងឃុំ,អំពូលសូឡាបានធ្វើឲ្យផ្លូវ និងតំបន់សាធារណៈមានទំរង់ស្អាត និងភាពទាក់ទាញ ក៏ដូចជាជួយធ្វើអោយមានភាពទំនាក់ទំនងសង្គមនៅក្នុងសហគមន៍បានល្អ។
បើនិយាយពីអត្ថប្រយោជន៍បរិស្ថានវិញ:ការប្រើថាមពលព្រះអាទិត្យ អំពូលសូឡាជួយកាត់បន្ថយការប្រើប្រាស់អគ្គិសនី និងធ្វើអោយសម្រស់បរិស្ថានក្នុងពេលរាត្រីកាន់តែស្រស់ស្អាត។
ប្រជាពលរដ្ឋបានសម្តែងការពេញចិត្តយ៉ាងខ្លាំងចំពោះការយកចិត្តទុកដាក់របស់រដ្ឋបាលស្រុក។ ដែលពីមុនផ្លូវខ្លះមានភាពងងឹតខ្លាំង បង្កការភ័យខ្លាច និងអាចមានហានិភ័យក្នុងការធ្វើដំណើរ ឥឡូវនេះ ពន្លឺសូឡាបានផ្តល់ សុវត្ថិភាព និងភាពកក់ក្តៅដែលធ្វើឲ្យប្រជាពលរដ្ឋទាំងអស់មានភាពសុខសាន្តក្នុងការធ្វើដំណើរ និងរស់នៅក្នុងមូលដ្ឋាន។
គម្រោងដាក់អំពូលសូឡានេះ គឺជាគំរូនៃការអភិវឌ្ឍសាធារណៈដែលប្រកបដោយប្រសិទ្ធភាព និងមានចំណូលចិត្តពីសហគមន៍។ រដ្ឋបាលស្រុកស្វាយអន្ទរ គ្រោងនឹងពង្រីកគម្រោងទៅតំបន់ផ្សេងៗ និងភូមិផ្សេងៗ ដើម្បីធានាថា ប្រជាពលរដ្ឋទាំងអស់អាច ធ្វើដំណើរដោយសុវត្ថិភាព និងទទួលបានបរិស្ថានដែលស្អាត និងទាក់ទាញ ទៅថ្ងៃអនាគត៕ដោយ: សូ សុខា









Post a Comment