យុត្តិធម៌ ត្រូវតែមាន ក្រោយពេលរង់ចាំជិត ២០ឆ្នាំ! សាលាដំបូងខេត្តកណ្តាល បានសម្រេចឲ្យសមាគម «កាំហ្វិត» ឈ្នះក្តីលើករណី វិវាទដីធ្លី ជូនប្រជាពលរដ្ឋ ចំនួន៨៥៦ គ្រួសារ
ខេត្តកណ្តាល៖ បន្ទាប់ពីការតស៊ូ លើផ្លូវច្បាប់ អស់រយៈពេលជិតពីរទសវត្សរ៍ កន្លងមកនេះ ទីបំផុតប្រជាពលរដ្ឋចំនួន ៨៥៦ គ្រួសារ ដែលជាសមាជិក សមាជិកា នៃសមាគមមូលនិធិខ្មែរសម្រាប់ការសិក្សា អប់រំ និងអភិវឌ្ឍន៍ ហៅកាត់ថា «កាំហ្វិត» ទទួលបាននូវយុត្តិធម៌ស្របច្បាប់ ក្រោយសាលាដំបូងខេត្តកណ្តាល ប្រកាសសាលក្រមសម្រេចឲ្យឈ្នះក្តី ករណីវិវាទដីធ្លីដ៏រ៉ាំរ៉ៃមួយនេះ។
វិវាទដីធ្លីនេះ បានអូសបន្លាយអស់រយៈពេលជិត ២០ឆ្នាំ ទាំងក្រៅ និងក្នុងប្រព័ន្ធតុលាការ ខណៈសំណុំរឿងនៅសាលាដំបូងខេត្តកណ្តាលផ្ទាល់ បានចំណាយពេលជាង ១៣ឆ្នាំ និងផ្លាស់ប្តូរចៅក្រមសរុប ៧រូប មុនឈានដល់ការសម្រេចចុងក្រោយ។
នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ លោកចៅក្រម ថៃ ថេង បានបញ្ចប់អង្គ"សវនាការ" និងប្រកាសសាលក្រមជាផ្លូវការ ដោយអនុវត្តតាម នីតិវិធីច្បាប់ យ៉ាងម៉ត់ចត់ ប្រកបដោយ សច្ចធម៌ យុត្តិធម៌ និងមានតម្លាភាព យ៉ាងពិតប្រាកដ។
សេចក្តីសម្រេចរបស់តុលាការ សមាគមកាំហ្វិត មានសិទ្ធិអត្ថិភាពស្របច្បាប់ក្នុងការគ្រប់គ្រង និងកាន់កាប់ដីទំហំ ៨៩២,៥៥ ហិកតា ស្ថិតនៅភូមិជ្រោយដង និងភូមិស្ទឹង ក្នុងឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ក្នុងនោះលោកចៅក្រម បានសម្រេចបញ្ចប់គឺ៖
១-បង្គាប់ឲ្យ ភាគីវិវាទ ឈ្មោះឡោក ហ៊ួរ ប្រគល់ដី សងជូនសមាគមកាំហ្វិតវិញ
២-បង្គាប់ឲ្យភាគី ឡោក ហ៊ួរ សងការខូចខាត មកឲ្យសមាគមកាំហ្វិតចំនួន ៤០,០០០,០០០ រៀល(សែសិបលានរៀល) និងច្រានចោល ការទាមទារលើសពីនេះ។
៣-បង្គាប់ឲ្យឈ្មោះ តែង ឃុននីន សងការខូតខាត មកឲ្យ សមាគមកាំហ្វិត ចំនួន៤០,០០០,០០០ រៀល (សែសិបលានរៀល) និងច្រានចោលការទាមទារលើសពីនេះ។
លោកស្រី ហែម សុភាព ប្រធានសមាគម និងតំណាងប្រជាពលរដ្ឋ ៨៥៦គ្រួសារ បានថ្លែងដោយ សេចក្តីរំភើបថា៖«យើងខ្ញុំបានតស៊ូអស់ជិត ២០ឆ្នាំ មិនដែល បានបោះបង់សិទ្ធិ របស់ខ្លួនឡើយ។ ថ្ងៃនេះជាថ្ងៃដែលទទួលយុត្តិធម៌ បានមកដល់ យ៉ាងពិតប្រាកដ សម្រាប់មហាគ្រួសារ របស់សមាគមកាំហ្វិត យើងទាំងអស់គ្នា។ សាលក្រមនេះមិនត្រឹមតែជាការឈ្នះក្តីទេ ប៉ុន្តែជាការស្តារកិត្តិយស និងជីវិតថ្មី ឲ្យប្រជាពលរដ្ឋ មានដីស្រែ សម្រាប់ ធ្វើការបង្កបង្កើនផល ដើម្បីទ្រទ្រង់ជីវភាព រស់នៅ របស់បងប្អូនឲ្យបានសមរម្យ ថែមទៀតផង។
«យើងខ្ញុំទាំងអស់គ្នា សូមអរគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះសាលាដំបូងខេត្តកណ្តាល និងថ្នាក់ដឹកនាំ ទាំងអស់ដែលបាន ផ្តល់នូវយុត្តិធម៌ ប្រកបដោយតម្លាភាព។ នេះជាកម្លាំងចិត្តដ៏ធំមួយឲ្យប្រជាពលរដ្ឋ ជឿជាក់លើច្បាប់ និងដោះស្រាយបញ្ហាតាមផ្លូវច្បាប់ មិនប្រើអំពើហិង្សានោះឡើយ។»
ក្នុងឱកាសនេះផងដែរ សមាជិក សមាជិកាទាំង ៨៥៦គ្រួសារ ក៏បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះឯ.ឧថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ ឯកឧត្តមប្រធានសាលាដំបូង ខេត្តកណ្តាល និងជាពិសេសលោកចៅក្រម ថៃ ថេង ដែលបានអនុវត្តនីតិវិធី ប្រកបដោយសុចរិត និងផ្តល់យុត្តិធម៌ជូនប្រជាពលរដ្ឋយ៉ាង ល្អប្រសើរបំផុត។
ជាមួយនឹងក្តីកោតសរសើរ និងអំណរគុណដ៏ជ្រាលជ្រៅ ប្រជាពលរដ្ឋទាំង ៨៥៦ គ្រួសារ សូមគោរពជូនពរ ឯកឧត្តមថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ ឯកឧត្តមប្រធានតុលាការ លោកចៅក្រម និងមន្ត្រីពាក់ព័ន្ធទាំងអស់ សូមប្រកបដោយសុខភាពល្អ បរិបូរណ៍ កម្លាំង កិត្តិយស និងជោគជ័យគ្រប់ភារកិច្ច មាន អាយុ វណ្ណៈ សុខៈ ពលៈ និងសម្រេចបាន ជោគជ័យ គ្រប់បេសកកម្ម ដើម្បីបន្ត បម្រើ ផលប្រយោជន៍ ផ្លូវច្បាប់ ដោយភាព យុត្តិធម៌ជូនសង្គមជាតិនិងប្រជាជនទូទាំងប្រទេស។
ករណីនេះត្រូវបាន មើលឃើញថា លោកចៅក្រមថៃ ថេង ពិតជាធ្វើគំរូ ដ៏ល្អមួយសម្រាប់ចៅក្រម ដទៃទៀត និងបង្ហាញថា ទោះបីការតស៊ូផ្លូវ ច្បាប់អូសបន្លាយយូរប៉ុណ្ណា ក៏យុត្តិធម៌នៅ តែអាចឈានមកដល់ ប្រសិនបើប្រជាពលរដ្ឋ មានការអត់ធ្មត់ ជឿជាក់លើច្បាប់ និងអនុវត្តតាមនីតិវិធីត្រឹមត្រូវ។ដើម្បីលើកទឹកចិត្ត ចំពោះលោកចៅក្រមថៃ ថេង ដែលមានឧត្តមគតិដ៏ល្អប្រសើរ ក្នុងការ អនុវត្ត នីតិវីធី កាត់ក្តីលើករណីវិវាទ ដ៏យូរឆ្នាំនេះ សមាគមកាំហ្វិត សូមសំណូមពរ ដ៏ទទូច គោរពជូនឯ.ឧកើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ មេត្តាពីនិត្យ និងមេត្តាជួយ តម្លើងឋានៈ ជូនដល់លោកចៅក្រម ថៃ ថេង ដើម្បីលើកទឹកចិត្ត ដល់លោក ដែលបាន ខិតខំតស៊ូ ដោះស្រាយរឿងក្តីដ៏រ៉ាំរ៉ៃ មួយនេះ មានភាពរលូន និងរកទីបញ្ចប់ជូនប្រជាពលរដ្ឋ ជាម្ចាស់ ធ្វើឲ្យពួកគាត់ មានក្តីរំភើបរហូត ម្នាក់ៗបានស្រក់ទឹកភ្នែកថែមទៀតផង។
យុត្តិធម៌ដែលរង់ចាំយូរ ទីបំផុតបានមកដល់ សម្រាប់ប្រជាពលរដ្ឋទាំង ៨៥៦ គ្រួសារ។
ជាចុងក្រោយ សមាជិក សមាជិកា និងប្រជាពលរដ្ឋទាំង ៨៥៦ គ្រួសារ សូមសម្តែងនូវអំណរគុណ និងក្តីគោរពយ៉ាងជ្រាលជ្រៅបំផុត ចំពោះស្ថាប័នតុលាការ ក្រសួងយុត្តិធម៌ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានអនុវត្តតួនាទីប្រកបដោយសុចរិតភាព តម្លាភាព និងយុត្តិធម៌ ធ្វើឲ្យសេចក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋក្លាយជាការពិត។
ទន្ទឹមនឹងនេះ សូមគោរពថ្លែងអំណរគុណយ៉ាងខ្ពង់ខ្ពស់ ចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែយកចិត្តទុកដាក់លើសុខទុក្ខប្រជាពលរដ្ឋ និងជំរុញឲ្យការអនុវត្តច្បាប់មានប្រសិទ្ធភាព ដើម្បីធានាថា «យុត្តិធម៌មានសម្រាប់មនុស្សគ្រប់រូប»។
សាលក្រមនេះ មិនត្រឹមតែជាជ័យជម្នះផ្លូវច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែជានិមិត្តរូបនៃក្តីសង្ឃឹម ការអត់ធ្មត់ និងជំនឿលើប្រព័ន្ធយុត្តិធម៌ ដែលបញ្ជាក់ថា ទោះបីការតស៊ូយូរប៉ុណ្ណា ក៏យុត្តិធម៌នៅតែអាចឈានមកដល់សម្រាប់អ្នកដែលមិនបោះបង់សិទ្ធិរបស់ខ្លួន៕






Post a Comment