ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញគោរពវិញ្ញាណក្ខន្ធសព វរសេនីយ៍ទោ យ៉េន ថា -វរសេនីយ៍ត្រី ឆេង សារ៉ាណ និង នាយចំណង់ សឿន សាលី វីរៈយុទ្ធជនពលីជីវិតក្នុងសមរភូមិប្រយុទ្ធប្រឆាំងចោរឈ្លានពានទឹកដីកម្ពុជា
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំប្រតិភូខេត្ត អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោក វរសេនីយ៍ទោ យ៉េន ថា -លោក វរសេនីយ៍ត្រី ឆេង សារ៉ាណ និង លោកនាយចំណង់ សឿន សាលី វីរៈយុទ្ធជនពលីជីវិតក្នុងសមរភូមិប្រយុទ្ធប្រឆាំងចោរឈ្លានពានទឹកដីកម្ពុជា។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានថ្លែងទាំងក្តីរំជួលចិត្ត ថា ការបាត់បង់វីរជនទាំងបីរូបខាងលើ គឺជាការបាត់បង់នូវស្វាមី និងឪពុក ប្អូន កូន ក្មួយ ជាទីស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌ចំពោះក្រុមគ្រួសារ ហើយក៏ជាការបាត់បង់នូវយុទ្ធជនស្នេហាជាតិដ៏បរិសុទ្ធ អង់អាចក្លាហាន ដែលបានលះបង់អស់ពីកម្លាំងកាយចិត្តបញ្ញាស្មារតី និងធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេសលោកបាន រួមចំណែកយ៉ាងសកម្ម នៅក្នុងកិច្ចការការពារអធិបតេយ្យភាព បូរណភាពទឹកដី ដើម្បីសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាជនកម្ពុជា។
នៅក្នុងសមានទុក្ខដ៏ក្រៀមក្រំបំផុតនោះ ឯកឧត្តម អភិបាលខេត្ត ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត និងប្រតិភូ ក៏បានចូលរួមរំលែកទុក្ខជាមួយគ្រួសារនៃសព និងសូមឧទ្ទិសកុសលជូនដល់ វិញ្ញាណក្ខន្ធវីរយុវជនទាំងបីរូប បានសោយសុខក្នុង សុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕🙏🙏🙏











Post a Comment