ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនខេត្តព្រះសីហនុចុះសំណេះសំណាល និងចែកអំណោយជូនអតីតយុទ្ធជន

 ខេត្តព្រះសីហនុ៖នៅព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជន ខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល សាកសួរសុខទុក្ខ និងចែកអំណោយជូនបងប្អូនអតីតយុទ្ធជន និងគ្រួសារ ដែលទទួលបានផ្ទះសម្បែងថ្មីស្ថិតនៅលើដីសម្បទានសង្គមកិច្ច ក្នុងភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។





ក្នុងកម្មវិធីនេះ មានអតីតយុទ្ធជនដែលទើបទទួលបានផ្ទះថ្មីចំនួន ៣១គ្រួសារ និងគ្រួសារដែលទទួលបានផ្ទះ និងដីកាលពីឆ្នាំ២០២៤ និងឆ្នាំ២០១៤ ចំនួន ៣៤គ្រួសារ បានអញ្ជើញចូលរួមទទួលអំណោយ និងសំណេះសំណាលយ៉ាងកក់ក្តៅក្រោមបរិយាកាសសាមគ្គីភាព និងភាពស្និទ្ធស្នាល។





ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ម៉ាង ស៊ីណេត បានសម្ដែងការកោតសរសើរ និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរភាព និងការលះបង់របស់អតីតយុទ្ធជន ដែលបានចូលរួមការពារជាតិមាតុភូមិ និងថែរក្សាសន្តិភាពជូនប្រទេសជាតិ។


ឯកឧត្តមបានមានប្រសាសន៍ថា៖«អតីតយុទ្ធជនគឺជាវីរជនរបស់ជាតិ។ ការយកចិត្តទុកដាក់លើជីវភាព និងលំនៅឋានរបស់បងប្អូន គឺជាកាតព្វកិច្ច និងការដឹងគុណរបស់យើងទាំងអស់គ្នា។ សមាគមនឹងបន្តគាំទ្រ និងជួយដោះស្រាយបញ្ហាប្រឈមនានា ដើម្បីឲ្យបងប្អូនមានជីវភាពរស់នៅកាន់តែប្រសើរ»។





ឯកឧត្តមក៏បានលើកទឹកចិត្តឲ្យបងប្អូនអតីតយុទ្ធជន និងក្រុមគ្រួសារ បន្តថែរក្សាសុខភាព ប្រឹងប្រែងប្រកបរបររកស៊ី និងរស់នៅក្នុងភាពសាមគ្គីភាព ដើម្បីរួមចំណែកអភិវឌ្ឍន៍មូលដ្ឋានឲ្យមានការរីកចម្រើន។


ក្រៅពីការចែកអំណោយនិងសំណេះសំណាល ឯកឧត្តមប្រធាន អ.ន.ក. ខេត្ត ក៏បានបន្តចុះពិនិត្យវឌ្ឍនភាពការងារស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ រួមមានផ្លូវលំ ស្ពាន និងប្រព័ន្ធលូបង្ហូរទឹក នៅក្នុងតំបន់ដីសម្បទានសង្គមកិច្ច ដើម្បីធានាឲ្យប្រជាពលរដ្ឋធ្វើដំណើរបានងាយស្រួល មានសុវត្ថិភាព និងលើកកម្ពស់គុណភាពជីវិតរស់នៅប្រចាំថ្ងៃ។





សកម្មភាពនេះ បានបង្ហាញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ និងការគាំទ្រជាបន្តបន្ទាប់របស់ថ្នាក់ដឹកនាំខេត្ត ចំពោះសុខុមាលភាព និងសិទ្ធិសង្គមរបស់អតីតយុទ្ធជន ដែលជាកម្លាំងដ៏មានតម្លៃសម្រាប់សង្គមជាតិ៕ដោយ: សូ សុខា

Powered by Blogger.