សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តឆ្នាំ២០២៦

 ខេត្តកណ្តាល)៖ នៅរសៀលថ្ងៃអង្គារ ១រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានរៀបចំបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត។





កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកប្រធានសាខាកាកបាទក្រហមខេត្ត តំណាងមន្ទីរ អង្គភាពជុំវិញខេត្ត គណៈកម្មាធិការអនុសាខាកាកបាទក្រហមក្រុង-ស្រុកទាំង១៣ ព្រមទាំងមន្ត្រី និងអ្នកពាក់ព័ន្ធជាច្រើនរូបផងដែរ។


ក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការសាខា អនុសាខាក្រុង-ស្រុកទាំង១៣ មន្ត្រីប្រចាំការ បុគ្គលិក និងអ្នកស្ម័គ្រចិត្តទាំងអស់ ដែលបានបំពេញបេសកកម្មមនុស្សធម៌យ៉ាងសកម្ម និងទទួលបានលទ្ធផលល្អប្រសើរនៅគ្រប់មូលដ្ឋាន។


ទន្ទឹមនឹង



នេះ ឯកឧត្តមក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សប្បុរសជន និងដៃគូពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមឧបត្ថម្ភគាំទ្រសកម្មភាពរបស់សាខា ធ្វើឱ្យមានលទ្ធភាពអនុវត្តការងារមនុស្សធម៌បានកាន់តែទូលំទូលាយ ជាពិសេសការជួយដល់គ្រួសារងាយរងគ្រោះ និងប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយផ្សេងៗក្នុងខេត្តកណ្តាល។


ជាមួយគ្នានេះ ឯកឧត្តមប្រធានគណៈកម្មាធិការសាខា បានណែនាំឲ្យសាខា និងអនុសាខាក្រុង-ស្រុក បន្តពង្រឹងសមត្ថភាពម្ចាស់ការ ក្នុងការត្រៀមបង្ការ ឆ្លើយតប និងកសាងភាពធន់មាំនៅសហគមន៍ ព្រមទាំងលើកកម្ពស់ការគ្រប់គ្រងមូលនិធិ ការគ្រប់គ្រងចំណូល-ចំណាយ និងការទូទាត់ឲ្យមានតម្លាភាព និងគណនេយ្យភាពខ្ពស់។





ឯកឧត្តមក៏បានក្រើនរំលឹក និងជំរុញឲ្យគណៈកម្មាធិការសាខា អនុសាខា និងក្រុមប្រតិបត្តិ បន្តខិតខំផ្តល់សេវាកម្មមនុស្សធម៌ឲ្យកាន់តែមានប្រសិទ្ធភាព ជួយដល់អ្នកងាយរងគ្រោះឲ្យបានទាន់ពេលវេលា ព្រមទាំងកសាងកម្លាំងមូលដ្ឋានឲ្យកាន់តែរឹងមាំ។ ទន្ទឹមនោះ ត្រូវបន្តផ្សព្វផ្សាយអប់រំអំពីអនាម័យ សុវត្ថិភាពសាធារណៈ និងសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងឱកាសបុណ្យជាតិធំៗ និងពង្រឹងការបណ្តុះបណ្តាលយុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហម ដែលជាកម្លាំងស្នូលសម្រាប់អនុវត្តវិស័យអាទិភាពទាំង៤ របស់កាកបាទក្រហមកម្ពុជា។


ជាចុងក្រោយ ឯកឧត្តមបានអំពាវនាវឲ្យបន្តកៀរគរធនធាន និងមូលនិធិពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដើម្បីទ្រទ្រង់ និងពង្រីកសកម្មភាពមនុស្សធម៌របស់សាខា ឲ្យកាន់តែមានប្រសិទ្ធភាព និងចូលរួមចំណែកលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋក្នុងខេត្តកណ្តាលឲ្យកាន់តែប្រសើរឡើង៕

Powered by Blogger.