អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម នាំយកអំណោយផ្តល់ជូនប្រជាពលរដ្ឋមានជីវភាពលំបាកចំនួន៥០គ្រួសារ ក្នុងស្រុកជើងព្រៃ

 នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម លន់ លឹមថៃ សមាជិករដ្ឋសភា និងជាអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម អញ្ជើញសំណេះសំណាល និងនាំយកអំណោយផ្តល់ជូនប្រជាពលរដ្ឋមានជីវភាពលំបាកចំនួន៥០គ្រួសារ ស្ថិតនៅក្នុងឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដោយមានការចូលរួមពីលោកអភិបាលស្រុក និងអជ្ញាធរពាក់ព័ន្ធជាច្រើននាក់ផងដែរ។ 






ឯកឧត្តម លន់ លឹមថៃមានប្រសាសន៍ថា ការចែកអំណោយដល់ប្រជាពលរដ្ឋជួបការលំបាកនាពេលនេះ គឺបន្ទាប់ពីបញ្ហាសង្គ្រាមព្រំដែនបានធូរស្រាល ហើយកន្លងទៅឯកឧត្តម និងក្រុមការងារក៏បានចូលរួមចំណែកយកចិត្តទុកដាក់ជាមួយបងប្អូនគ្រួសារភៀសសឹកមកសម្រាកនៅតាមផ្ទះបងប្អូន ឫនៅតាមមន្ទីរពេទ្យ  និងបានឧបត្ថម្ភជាបន្តបន្ទាប់ ប៉ុន្តែឥឡូវពួកគាត់បានវិលទៅផ្ទះវិញហើយ ដូច្នេះឯកឧត្តម និងក្រុមការងារក៏គិតគូរដល់បងប្អូនដែលជួបជីវភាពខ្វះខាតវិញម្តង។






ទន្ទឹមនេះដែរអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាមក៏បានបានធ្វើការក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ ត្រូវជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជាទៅលើបញ្ហាការដោះស្រាយរឿងព្រំដែន ដែលកម្ពុជាយើងមានឯកសារភស្តុតាងគ្រប់គ្រាន់ និងបានប្តឹងទៅតុលាការអន្តរជាតិ និងយន្តការជាច្រើនទៀត។ និងបានអរគុណកោតសរសើរដល់ អជ្ញាធរគ្រប់ថ្នាក់ ប្រជាពលរដ្ឋ សប្បុរសជនបានជួយកន្លងមកនិងបន្តទៀត ដែលជាកម្លាំងមហាសាមគ្គីដើម្បីជួយដល់វីរៈកងទ័ពទាំងអស់គ្នា។ ហើយប្រជាពលរដ្ឋសូមកុំជឿលើឧបាយកលនិងចិត្តសាស្រ្តពួកសត្រូវឈ្លានពាននិងពួកជ្រុលនិយមនាំអោយកម្លាំងសាមគ្គីចុះខ្សោយនិងបែកបាក់ជាតិ។ 







ឆ្លៀតក្នុងឱកាសនេះឯកឧត្តម លន់ លឹមថៃ បានធ្វើការផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា  សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ដែលសម្តេចជាថ្នាក់ដឹកនាំតែងតែផ្ដល់នូវការគាំទ្រគ្រប់បែបយ៉ាង ជាមួយប្រជាពលរដ្ឋគ្រប់ៗរូប  ដោយមិនប្រកាន់និន្នាការនយោបាយ សាសនានោះទេ។ 


ឯកឧត្តម លន់ លឹមថៃ និងក្រុមការងារបានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋត្រូវខិតខំថែរក្សាអនាម័យសុខភាព ខិតខំបង្កបង្កើនផល រួមចំណែកអនុវត្តគោលនយោបាយ ភូមិឃុំសុវត្តិភាព ជាពិសេសដោយសាររដូវនេះជារដូវក្តៅត្រូវនាំគ្នាប្រុងប្រយ័ត្នចំពោះអគ្គីភ័យ ពន្លត់ភ្លើងចង្ក្រាន ទាន ធូប និងបិទចរន្តអគ្គសនីឲ្យបានត្រឹមត្រូវមុនចាកចេញពីផ្ទះ។ 


ដោយឡែកចំពោះអំណោយដល់ផ្តល់ជូនប្រជាពលរដ្ឋមានជីវភាពលំបាកចំនួន៥០គ្រួសារ រួមមាន៖ អង្ករ២០គីឡូក្រម ទឹកត្រី១យួរ, មុង ភួយ ចាន ឆ្នាំង កន្ទេល និងសម្ភារ មួយចំនួនទៀត ព្រទាំងថវិកា ២ម៉ឺនរៀលសម្រាប់មួយគ្រួសារៗ និងជូនថវិកាប្រជាការពារ , ក្រុមប្រឹក្សាឃុំ និងមេភូមិសរុប៣៥នាក់ក្នុងម្នាក់ ២ម៉ឺនរៀលផងដែរ៕

Powered by Blogger.