ឯកឧត្តម ឡុង ឆ័យណាវ ត្រូវបានប្រកាសទទួលស្គាល់ជាប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA)

 

ភ្នំពេញ : នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ឡុង ឆ័យណាវ ត្រូវបានប្រកាសទទួលស្គាល់ជាប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) ក្រោមអធិបតីភាពលោកបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA)រួមនិងអនុប្រធាន សមាជិក សមាជិកាជាច្រើនរូប នៅភោជនីយដ្ឋានឆៃកឺ។ 


ក្នុងពិធីនោះលោកបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) ជំរុញឱ្យអ្នកសារព័ត៌មានជាសមាជិករបស់សមាគមទាំងអស់ ចូលរួមប្រយុទ្ធប្រឆាំងនឹងព័ត៌មានបែបញុះញង់បំបែកបំបាក់សាមគ្គីជាតិខ្មែរ ឬមានចេតនាផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។

ក្នុងនាមជាប្រធានសមាគម IPA លោកបណ្ឌិត ទូច វណ្ណៈ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់បងប្អូនអ្នកសារព័ត៌មាន និងបណ្តាអង្គភាពសារព័ត៌មានជាសមាជិកទាំងអស់ ក្នុងការបំពេញបេសកកម្មផ្តល់ព័ត៌មានពិត ជូនដល់សាធារណជន ពិសេសក្នុងដំណាក់កាលដែលកម្ពុជា ប្រឈមនឹងការឈ្លានពានពីសំណាក់កងទ័ពថៃ។ ជាមួយគ្នានេះ លោកបណ្ឌិត កត់សម្គាល់ថា ក្នុងបរិបទដែលពិភពលោក កំពុងជួបប្រទះនឹងលំហូរព័ត៌មានឥតដែនកំណត់ ដោយសារតែការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថល ពិសេសការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម យើងសង្កេតឃើញថា មានការប៉ុនប៉ងប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយក្នុងផ្លូវខុស ដើម្បីបម្រើឱ្យរបៀបវារៈទុច្ចរិត ពិសេសមានចេតនាបំបែកបំបាក់សាមគ្គីភាពរវាងខ្មែរ និងខ្មែរ ក៏ដូចជាផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។

លោកបណ្ឌិត ទូច វណ្ណៈ បានអំពាវនាវដល់បងប្អូនអ្នកសារព័ត៌មាន ជាសមាជិករបស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ទាំងអស់ចូលរួមចំណែក៖
ទី១. ប្រឆាំងដាច់ខាតចំពោះព័ត៌មានញុះញង់ ៖ ត្រូវរួមគ្នាទប់ស្កាត់រាល់ខ្លឹមសារដែលបង្កឱ្យមានការស្អប់ខ្ពើម ការបំបែកបំបាក់សាមគ្គីភាពជាតិ និងការរើសអើង ដែលអាចនាំឱ្យមានអស្ថិរភាពក្នុងសង្គមជាតិ។

ទី២. ការពារសន្តិភាព និងរាជរដ្ឋាភិបាលស្របច្បាប់ ៖ ក្នុងនាមជាសសរស្តម្ភទី៤ នៃលទ្ធិប្រជាធិបតេយ្យ យើងមានកាតព្វកិច្ចការពាររដ្ឋធម្មនុញ្ញ និងរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោតតាមឆន្ទៈរបស់ប្រជាពលរដ្ឋ។ យើងមិនត្រូវបណ្តោយឱ្យស្ថាប័នសារព័ត៌មាន ក្លាយជាឧបករណ៍សម្រាប់ក្រុមជនអគតិដែលមានចេតនាផ្ដួលរំលំរាជរដ្ឋាភិបាល ឬបង្កចលាចលនោះឡើយ។

ទី៣. ពង្រឹងក្រមសីលធម៌ និងវិជ្ជាជីវៈ ៖ មុននឹងចុះផ្សាយ ឬចែករំលែកព័ត៌មានណាមួយ ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ "ពិត តុល្យភាព និងគ្រប់ជ្រុងជ្រោយ"។ ចៀសវាងការប្រើប្រាស់ពាក្យពេចន៍ អុជអាល ឬការបំផ្លើសការពិត ដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន ឬក្រុមបក្សពួក។

ទី៤. បណ្តុះស្មារតីអក្ខរកម្មព័ត៌មាន ៖ ជួយអប់រំ និងណែនាំសាធារណជន ឱ្យចេះវិភាគ វាយតម្លៃព័ត៌មាន និងកុំឱ្យជឿលើ "ព័ត៌មានក្លែងក្លាយ" (Fake News) ដែលមានបំណងបង្កភាពភ័យខ្លាច ឬការយល់ច្រឡំ។

ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ក៏បានសង្កត់ធ្ងន់ថា "សេរីភាពសារព័ត៌មាន ត្រូវដើរទន្ទឹមនឹងការទទួលខុសត្រូវចំពោះមុខច្បាប់ និងសីលធម៌សង្គម។ ការរក្សាសន្តិភាព និងឯកភាពជាតិ គឺជាគ្រឹះមិនអាចខ្វះបានសម្រាប់កិច្ចអភិវឌ្ឍន៍ប្រទេសជាតិយើង។

សូមបញ្ជាក់ថា សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យបង្កើតឡើងដោយក្រុមយុវជនខ្មែរ ដែលមានអាជីពជាអ្នកសារព័ត៌មាន ជាអ្នកស្រឡាញ់វិស័យព័ត៌មាន និងការងារសង្គម មនុស្សធម៌ សាសនា អប់រំ កីឡា សិល្បៈ និងការអភិវឌ្ឍនធនធានមនុស្ស។ សមាគមត្រូវបានចុះបញ្ជីក្នុងក្រសួងមហាផ្ទៃលេខ ១០៩៥ ប្រក ចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ និងលិខិតអនុញ្ញាតឱ្យធ្វើសកម្មភាពលើវិស័យសារព័ត៌មានរបស់ក្រសួងព័ត៌មានលេខ ០០៥ ព.ស. ល.អ ចុះថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣។

ជាងចុងបញ្ចប់ឯកឧត្តម ឡុង ឆ័យណាវ ប្ដេជ្ញាចិត្តគោរព និងប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួននូវលក្ខន្តិកៈរបស់សមាគម, យកចិត្តទុកដាក់ខ្ពស់ គោរពក្រមសីលធម៌ បន្តផ្សព្វផ្សាយព័ត៌មានពិត លុបបំបាត់ព័ត៌មានក្លែងក្លាយ បន្តដឹកដឹកនាំសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យអោយមានការអភិវឌ្ឍន៏ទៅមុខជាលំដាប់ ជាពិសេសរួមគ្នាផ្សព្វផ្សាយព័ត៌មានរាជរដ្ឋាភិបាល៕

                         










                                    





Powered by Blogger.