រដ្ឋបាលខេត្តព្រះសីហនុ រៀបចំកិច្ចប្រជុំពិភាក្សាសំណើបើកផ្លូវគ្រួសក្រហមចំនួន ២ ខ្សែ

 ខេត្តព្រះសីហនុ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៩ ខែមករា ឆ្នាំ២០២៦ រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំកិច្ចប្រជុំមួយ ដើម្បីពិភាក្សាលើសំណើសុំបើកផ្លូវគ្រួសក្រហមចំនួន ២ ខ្សែ ដែលមានទីតាំងស្ថិតនៅភូមិគគីរ សង្កាត់បិតត្រាំង ខេត្តព្រះសីហនុ។






កិច្ចប្រជុំនេះដឹកនាំដោយ លោក ពេជ ខៅដាង នាយករងរដ្ឋបាលសាលាខេត្តព្រះសីហនុ ដោយមានការចូលរួមពីប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ និងមន្ត្រីជំនាញជាច្រើនរូប ដែលបានប្រជុំគ្នានៅសាលប្រជុំ អគារសាលាខេត្តបណ្ដោះអាសន្ន។


ក្នុងកិច្ចប្រជុំ អង្គប្រជុំបានពិភាក្សាយ៉ាងលម្អិត និងផុសផុល ដោយផ្តោតសំខាន់លើការពិនិត្យ និងអនុម័តសំណើបើកផ្លូវថ្មី ការសម្របសម្រួលបណ្តាញផ្លូវ និងការរៀបចំផ្លូវឲ្យសមស្រប សម្រាប់បម្រើសេវាកម្មសាធារណៈ ការងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងការលើកកម្ពស់សុវត្ថិភាពសង្គមក្នុងតំបន់។





នាឱកាសនោះ លោក ពេជ ខៅដាង នាយករងរដ្ឋបាលសាលាខេត្តព្រះសីហនុ បានមានប្រសាសន៍ថា«ការបើកផ្លូវ និងការរៀបចំបណ្តាញផ្លូវថ្មី ត្រូវអនុវត្តឲ្យបានស្របតាមនីតិវិធី និងគោលការណ៍បច្ចេកទេស ដើម្បីធានាបាននូវប្រយោជន៍រួម សុវត្ថិភាព និងភាពងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ»។


លោកបន្តថា ការពិនិត្យសំណើបើកផ្លូវគ្រួសក្រហមទាំងពីរខ្សែនេះ គឺជាផ្នែកមួយនៃការជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋាន ស្របតាមទិសដៅអភិវឌ្ឍន៍របស់ខេត្ត និងការបម្រើសេវាកម្មសាធារណៈឲ្យកាន់តែមានប្រសិទ្ធភាព។


សរុបជារួម កិច្ចប្រជុំនេះបានបង្ហាញពីការយកចិត្តទុកដាក់របស់រដ្ឋបាលខេត្តព្រះសីហនុ ក្នុងការពិនិត្យ និងសម្រេចសំណើបើកផ្លូវគ្រួសក្រហមចំនួន ២ ខ្សែ ឲ្យអនុវត្តស្របតាមនីតិវិធី និងលក្ខខណ្ឌបច្ចេកទេស ដើម្បីបម្រើផលប្រយោជន៍រួម ជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋាន និងលើកកម្ពស់សុវត្ថិភាពសង្គម ជូនប្រជាពលរដ្ឋក្នុងតំបន់៕

Powered by Blogger.