ការលក់រថយន្ត Tesla ធ្លាក់ចុះ ១៣% នៅត្រីមាសទី១ឆ្នាំនេះ ដែលបង្ហាញពីបញ្ហាប្រឈមធ្ងន់ធ្ងរ

វ៉ាស៊ីនតោន៖ ការលក់រថយន្ត Tesla បានធ្លាក់ចុះ ១៣% នៅក្នុងត្រីមាសទីមួយនៃឆ្នាំនេះ ដែលជាសញ្ញាមួយបង្ហាញថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏លេចធ្លោរបស់ លោក Elon Musk កំពុងប្រឈមមុខនឹងការលំបាកក្នុងការទាក់ទាញអ្នកទិញ។

តម្លៃភាគហ៊ុនរបស់ Tesla បានធ្លាក់ចុះប្រហែលពាក់កណ្តាលចាប់តាំងពីពេលដែលវាឡើងដល់កម្រិតខ្ពស់បំផុតកាលពីពាក់កណ្តាលខែធ្នូ។​ អ្នកវិភាគនៅមិនទាន់ច្បាស់ថា តើការធ្លាក់ចុះនៃការលក់នេះបណ្តាលមកពីការធ្វើពហិការ​ប្រឆាំងនឹងលោក Musk ដែលជាថៅកែក្រុមហ៊ុននេះ ឬកត្តាផ្សេងទៀតនោះទេ។ អ្វីដែលគេដឹងនោះគឺថា ការលក់រថយន្តអគ្គិសនីជាទូទៅកំពុងមានការថយចុះ ហើយ Tesla កំពុងរងផលប៉ះពាល់ជាពិសេស ខណៈដែលអ្នកទិញរថយន្តកំពុងរង់ចាំមើលការចេញលក់ម៉ូដែល Y ដែលត្រូវបានកែលម្អនៅចុងឆ្នាំនេះ។

ការធ្លាក់ចុះនេះ ទំនងជាបណ្តាលមកពីកត្តាចម្រុះ រួមមានម៉ូដែលរថយន្តដែលហួសសម័យ ការប្រកួតប្រជែងកាន់តែខ្លាំងពីក្រុមហ៊ុនផ្សេងៗទៀត និងការរិះគន់ចំពោះជំហរនយោបាយរបស់លោក Musk។ ក្រុមហ៊ុន Tesla បានរាយការណ៍ថា ខ្លួនបានចែកចាយរថយន្តចំនួន ៣៣៦,៦៨១ គ្រឿងនៅទូទាំងពិភពលោក ក្នុងអំឡុងពេលបីខែដំបូងនៃឆ្នាំនេះ ដែលជាការធ្លាក់ចុះពីចំនួន ៣៨៧,០០០ គ្រឿងក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ទោះបីជាក្រុមហ៊ុនបានផ្តល់ការបញ្ចុះតម្លៃយ៉ាងច្រើន ការផ្តល់ហិរញ្ញប្បទានដោយគ្មានការប្រាក់ និងការលើកទឹកចិត្តផ្សេងទៀតក៏ដោយ។​​ តួលេខ​នេះ​គឺ​ទាប​ជាង​ការ​រំពឹង​ទុក​របស់​អ្នក​វិភាគ​ដែល​រំពឹង​ថា​មាន​ជាង ៤០៨,០០០ គ្រឿង ហើយ​វា​ជា​សញ្ញា​ព្រមាន​សម្រាប់​របាយការណ៍​ប្រាក់​ចំណូល​ត្រីមាស​ទី​មួយ​របស់​ក្រុមហ៊ុន។

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដែលមានមូលដ្ឋាននៅ Austin រដ្ឋតិចសាស់ ក៏បានបាត់បង់ចំណែកទីផ្សារទៅឱ្យគូប្រជែងក្នុងប៉ុន្មានខែថ្មីៗនេះផងដែរ ដោយសារក្រុមហ៊ុនទាំងនោះបានផ្តល់នូវផលិតផលកាន់តែប្រសើរ ដែលរួមបញ្ចូលទាំងក្រុមហ៊ុន BYD ផងដែរ។ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខ្នាតយក្សរបស់ចិនមួយនេះ បានបង្ហាញកាលពីខែមីនានូវបច្ចេកវិទ្យាថ្មីមួយដែលអនុញ្ញាតឱ្យរថយន្តរបស់ខ្លួនអាចសាកថ្មបានពេញ ក្នុងរយៈពេលត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ៕



 

Powered by Blogger.