ប្រជាពលរដ្ឋខេត្តកំពង់ចាម យ៉ាងច្រើនកុះករ ចេញដើរលេងកំសាន្ត អបអរសាទរ "ពន្លឺនៃសន្តិភាព"
(កំពង់ចាម) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ នេះ គឺប្រជាថ្ងៃប្រវត្តិសាស្ត្រ នៃប្រទេសទាំងពីរ កម្ពុជា-ថៃ ដែលបានឯកភាពគ្នាឈានទៅរកបទឈប់បាញ់ជាស្ថាពរ គិតត្រឹមម៉ោង១២ ថ្ងៃត្រង់នេះ ដែលធ្វើធ្វើឲ្យស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ មានភាពស្ងប់ស្ងាត់ជាធម្មតាវិញ។ ជាមួយអំណរសាទរ នៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងវីរកងទ័ពយើង ដែលបានឃើញពន្លឺនៃសន្តិភាពឡើងវិញ យើងឃើញថា មានបងប្អូនប្រជាពលរដ្ឋគ្រប់
ស្រទាប់វណ្ណៈ បានប្រែទឹកមុខពីស្រពាប់ស្រពោន មកជារីករាយ សើចសប្បាយជាមួយក្រុមគ្រួសារ មិត្តភក្តិ បងប្អូន និងមានដំណើរកំសាន្ត ប្រកបដោយសុខសុវត្ថិភាព និងសុភមង្គល។
ជាក់ស្តែង នៅរសៀលថ្ងៃសៅរ៍ទី២៧ ខែធ្នូ នេះ នៅក្នុងក្រុងកំពង់ចាម ក៏ឃើញមានមនុស្សមកម្នា មកលេងកំសាន្តយ៉ាងច្រើនកុះករ ហើយបងប្អូនប្រជាពលរដ្ឋបានសម្តែងស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ខណៈ ឯកឧត្តម ដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារ កែលម្អសួនច្បារ ការបំពាក់ប្រព័ន្ធបាញ់ទឹក និងអំពូលភ្លើងបំភ្លឺពេលរាត្រី។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានឆ្លៀតជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ប្រកបដោយភាពស្និទ្ធស្នាល និងកក់ក្តៅ។
នាឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានលើកឡើងថា ការឈានទៅបញ្ចប់សង្គ្រាមដោយសន្តិវិធីនៅថ្ងៃនេះ គគឺក្រោមគំនិតផ្តួចផ្តេីមដ៏ខ្ពង់ខ្ពស់ និងវិធីសាស្រ្តដ៏ស័ក្តិសិទ្ធិរបស់សម្តេចតេជោ-ធិបតី ប្រមុខដឹកនាំនៃកម្ពុជាយេីង ដែលនាំមកនូវសន្តិភាព និងការអភិវឌ្ឍយូរអង្វែង។
ឯកឧត្តម អភិបាលខេត្ត សូមគោរពដឹងគុណនិងថ្លែងអំណរអរគុណ សម្តេចប្រមុខដឹកនាំដ៏ឆ្នេីមរបស់កម្ពុជា ព្រមទាំងថ្នាក់ដឹកនាំក្រសួង ស្ថាប័ន វីរកងទ័ព វីរកងនគរបាលជាតិ និងពុកម៉ែបងប្អូន សប្បុរសជនទាំងអស់ ដែលបានលះបង់នូវកម្លាំងកាយចិត្ត ធនធាន ពេលវេលាគ្រប់យ៉ាងដែលនាំមកនូវកម្លាំងមហាសាមគ្គីជាតិ នាំឲ្យខ្មែរយេីងឆ្លងផុតនូវការលំបាកមួយនេះ៕









Post a Comment