សាខាកក្រក ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃពុធ ទី១០ ខែមិថុនា ឆ្នាំ២០២
ដោយមានការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាពប្រជាពលរដ្ឋ ពីសំណាក់ឯកឧត្តម ម៉ាង សុីណេត ប្រធានគណៈកម្មាធិការសាខាកាកបាទកម្ពុជាខេត្តព្រះសីហនុ បានចាត់ឲ្យលោក សែជូ សិទ្ធិជោតិ លេខាធិការគណៈកម្មាធិការសាខា ដឹកនាំមន្រ្តីប្រតិបត្តិសាខា អ្នកស្ម័គ្រចិត្តចំនួន ៥៥នាក់ ស្រី១០នាក់ និងអាជ្ញាធរមូលដ្ឋានដោយបានសហការជាមួយមន្ត្រីជំនាញនៃមន្ទីរសុខាភិបាលខេត្ត ចុះធ្វើយុទ្ធនាការ ផ្សព្វផ្សាយ និងដាក់ថ្នាំអាល់ប៊ែត នៅក្នុងក្រុងព្រះសីហនុ គឺចាប់ពីទី១០ ដល់ ថ្ងៃទី១២ ទាំង ៤សង្កាត់ ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
នៅក្នុងយុទ្ធនាការនេះ មានគោលបំណងដើម្បីការពារបង្ការជំងឺគ្រុនឈាម និងជំងឺឈឺគកគន់ហ្គន់យ៉ា(Chikunngunya)ដែលហៅថាជំងឺគ្រុនឈិក ដែលអាចឆ្លងតាមរយៈមូសខ្លាញីខាំ ដោយការដាក់អាល់ប៊ែតឲ្យគ្រប់ ធុង ពាង អាង នៅតាមខ្នងផ្ទះ ដោយមានប្រើ ខិតប័ណ្ណ ហើយយុទ្ធនាកានេះត្រូវបានធ្វើឡើងទៅតាមក្រុមនីមួយៗគ្រប់ភូមិ ក្នុងក្រុងព្រះសីហនុ ដើម្បីផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យយល់ដឹងដូចជា៖
១. សូមចូលរួមកំចាត់ដង្កូវទឹកមូសខ្លា និងធានាថា មិនមានដង្កូវទឹក នៅក្នុងបរិវេណផ្ទះសំបែង តាមរយៈការកម្ទេចចោល និងលុបបំបាត់ចោល នូវរាល់វត្ថុដក់ទឹក ដែលមិនប្រើប្រាស់ ដូចជា សំបកកង់ឡាន កង់ម៉ូតូ សំបកកំប៉ុង ធុង ក្រឡ ពាង អាង ដែលមិនប្រើប្រាស់ សំបកដប សំបកដូង និងវត្ថុអាចដក់ទឹកដទៃទៀត ដែលនៅជុំវិញបរិវេណផ្ទះរបស់លោកអ្នក ត្រូវលាងសម្អាតសម្ភារៈ ឬវត្ថុប្រើប្រាស់ផ្សេងៗ សម្រាប់ស្ដុកទឹក ឲ្យបានពីរដង ក្នុងមួយសប្ដាហ៍ ឬដាក់ថ្នាំអាប៊ែត ត្រីប្រាំពីរពណ៌ ឬគ្របឲ្យបានត្រឹមត្រូវនូវពាង អាងទឹក ធុង ក្រឡ ថូផ្កា ចានទ្រជើងទូ។ល។
២. ត្រូវកំចាត់សត្វមូសខ្លា តាមរយៈរៀបចំសម្ភារៈ ក្នុងផ្ទះឱ្យមានសណ្ដាប់ធ្នាប់ ធ្វើយ៉ាងណាឱ្យមានពន្លឺចាំងចូលក្នុងផ្ទះបានល្អ លុបបំបាត់កំប៉ូតព្រៃស៊ុបទ្រុបជុំវិញផ្ទះ និងចូលរួមសហការជាមួយភ្នាក់ងារសុខាភិបាល ក្នុងករណីមានការបាញ់ថ្នាំសម្លាប់មូស។
៣. ត្រូវការពារខ្លួន កុំឲ្យមូសខ្លាញីខាំតាមរយៈ ការដេកក្នុងមុង (ទាំងថ្ងៃយប់) ស្លៀកពាក់ខោអាវវែង មិនត្រូវអង្គុយ ឬសំរាកនៅកន្លែងដែលមិនមានពន្លឺគ្រប់គ្រាន់នោះទេ។
៤. បច្ចុប្បន្នករណីជំងឺគ្រុនឈាម និងគ្រុនឈីក ចម្លងបងប្អូនប្រជាពលរដ្ឋមិនថាក្មេងឬចាស់នោះទេ ត្រូវរូសរាន់ស្វែងរក សេវាថែទាំសុខភាព ដែលនៅជិតអ្នកបំផុត ដូចជា មណ្ឌលសុខភាព និងមន្ទីរពេទ្យ ក្នុងករណីក្រុមគ្រួសារណាម្នាក់ របស់អ្នកមានសញ្ញា ឬសញ្ញជំងឺ ដូចជាក្ដៅខ្លួន (ក្ដៅខ្លួនខ្លាំងភ្លាមៗ ៣៩អង្សាសេឡើង) និងសញ្ញាបន្ទាប់បន្សុំផ្សេងទៀត ដូចជា មុខក្រហម ឈឺក្បាល ឈឺក្រោមក្រឡង់ភ្នែក ឈឺសាច់ដុំ ឬសន្លាក់ ឈឺខ្លួន ស្នាមកន្ទួលក្រហមជាដើម។
គ្រប់ករណីសង្ស័យជំងឺគ្រុនឈាម និងគ្រុនឈីក មិនត្រូវសាកល្បងព្យាបាលដោយខ្លួនឯង ឬការប្រើប្រាស់ថ្នាំប្រភេទ អាស្ពីរីនឬអ៊ីប៉ុយព្រូហ្វែន ជាដាច់ខាត និងមិនត្រូវស្វែងរក សេវាថែទាំសុខភាពណា ដែលមិនមានជំនាញវិជ្ជាជីវៈ ធ្វើការពិនិត្យព្យាបាលជំងឺគ្រុនឈាម និងគ្រុនឈីក ឡើយ៕





















Post a Comment