អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម បំផុសស្មារតីឲ្យប្រជាពលរដ្ឋចូលរួមប្រើប្រាស់ប័ណ្ណប.ស.ស ដើម្បីធ្វើឲ្យប្រព័ន្ធការពារសង្គមកាន់តែរឹងមាំ និងទប់ស្តាត់គ្រោះអាសន្នផ្សេងៗ
កំពង់ចាម៖ ឯកឧត្តម ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិរបបសន្តិសុខសង្គម តំណាងឲ្យឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ បានបំផុស្មារតីទៅដល់ មន្រ្តីសាធារណៈ និងបងប្អូនប្រជាពលរដ្ឋខ្មែរ សូមចូលរួមប្រើប្រាស់ប័ណ្ណ ប.ស.ស ឲ្យផុសផុល ដើម្បីរួមគ្នាអភិវឌ្ឍប្រព័ន្ធគាំពារសង្គម ឲ្យកាន់តែរឹងមាំ មានភាពធន់ និងឆ្លើយតបទៅចំពោះការប្រែប្រួលអាកាសធាតុ គ្រោះអាសន្ន វិបន្តនានា។
ឯកឧត្តម បានលើកឡើងបែបនេះ ក្នុងពិធីសិក្ខាសាលា ផ្សព្វផ្សាយស្តីពីការអនុវត្តរបបសន្តិសុខសង្គម ផ្នែកហានិភ័យការងារ និងផ្នែកមន្រ្តីសាធារណៈ ដែលពិធីនេះ ក៏មានការចូលរួមដោយ ឯកឧត្តម មឿន ផា សមាជិកក្រុមប្រឹក្សាខេត្ត តំណាង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម និង លោក ឃន ប្រុស អភិបាលរងខេត្តកំពង់ចាម តំណាងឲ្យ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម។
ឯកឧត្តម បានថ្លែងថា ផ្អែកលើស្ថិរភាពនយោបាយ កំណើនសេដ្ឋកិច្ច ការវិវឌ្ឍន៍សង្គមសេដ្ឋកិច្ច និងវឌ្ឍនភាពន ការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមកន្លងមក រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញ ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤–២០៣៥ ជាការធ្វើបច្ចុប្បន្នកម្ម ក្របខណ្ឌគោល នយោបាយជាតិគាំពារសង្គម ឆ្នាំ២០១៦–២០២៥ ក្នុងគោលបំណងបន្តអភិវឌ្ឍប្រព័ន្ធគាំពារ សង្គមឱ្យកាន់តែរឹងមាំ មានភាពធន់ និងអាចឆ្លើយតបបានល្អប្រសើរចំពោះការប្រែប្រួល អាកាសធាតុ គ្រោះអាសន្ន វិបត្តិនានា និងការវិវឌ្ឍនៃកត្តាសេដ្ឋកិច្ច សង្គម និងប្រជាសាស្ត្រ។
ឯកឧត្តម បានបន្តថា ក្របខណ្ឌគោលនយោបាយនេះ បានកំណត់វិធានការគោលនយោបាយសម្រាប់ឆ្លើយតប នឹងហានិភ័យនៃវដ្តជីវិតរបស់មនុស្សចាប់ពីដំណាក់កាល មាតុភាព និងកុមារភាព ហានិភ័យ ការងារ និកម្មភាពការងារ ហានិភ័យសុខភាព ពិការភាព ភាពគ្មានជម្រក និងជរាភាព។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលក៏បានកំណត់ការពង្រឹងអភិបាលកិច្ចប្រព័ន្ធគាំពារសង្គមតាមមុខងារ ចម្បង ៣ កម្រិត គឺ កម្រិតគោលនយោបាយ កម្រិតនិយ័តករ និងកម្រិតប្រតិបត្តិករ ដើម្បីធានា បាននូវប្រសិទ្ធភាព និងភាពច្បាស់លាស់ក្នុងការអនុវត្ត។
ជាមួយគ្នានោះដែរ លោក សាយ សុធន ប្រធានសាខាបេឡាជាតិរបបសន្តិសុខសង្គម ខេត្ត កំពង់ចាម បានប្តេជ្ញាបន្តអនុវត្តតួនាទីភារកិច្ចឱ្យបានខ្ជាប់ខ្ជួន និងប្រកបដោយ មនសិការវិជ្ជាជីវៈ ដើម្បីផ្តល់សេវាជូនសមាជិក ប.ស.ស. ទាន់ពេល ដែលជាផ្នែកមួយដ៏សំខាន់ក្នុងការលើកកម្ពស់ប្រព័ន្ធគាំពារសង្គមឱ្យកាន់តែរឹងមាំ។














Post a Comment