អភិបាលខេត្តកំពង់ចាម អញ្ជើញចុះត្រួតពិនិត្យទំនប់ទឹកម្ជី (ទំនប់បញ្ជើ)នៅស្រុកស្ទឹងត្រង់
កំពង់ចាម÷ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី ០៩ ខែមីនា ឆ្នាំ២០២៦ បានដឹកនាំ ក្រុមមន្រ្តីជំនាញពាក់ព័ន្ធ ចុះត្រួតពិនិត្យ ទំនប់ទឹកម្ជី ឬទំនប់ទឹកបញ្ជើ ដើម្បីបូមយកមកប្រើប្រាស់ សម្រាប់ឲ្យក្រុមហ៊ុន ធ្វើការចំរុះទឹក ផ្គត់ផ្គង់ទឹកស្អាតដល់ប្រជាពលរដ្ឋប្រើប្រាស់ ចំនួន ២ ឃុំ នៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
ឯកឧត្តម អ៊ុន ចាន់ដា បានណែនាំដល់មន្ទីរ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំង អាជ្ញាធរមូលដ្ឋានដែលមាន លោក មេឃុំ មេភូមិ ឲ្យចុះកិច្ចព្រម ព្រៀងជាមួយក្រុមហ៊ុន ផ្តល់ទឹកយកចេញពីប្រភពទឹកទំនប់បញ្ជើ ដល់ក្រុមហ៊ុនទឹកស្អាតរយៈពេល ៥ ខែ ចាប់ពីខែ មករា រហូតដល់ ខែឧសភា ឆ្នាំ២០២៦នេះ ក្នុងទំហំរយៈពេល ៥ ខែ ចំនួនសរុប ៩,១៥០៥ ម៉ែត្រគូប។
ឯកឧត្តម បានលើកឡើងបន្តថា ក្នុងការចុះមកត្រួតពិនិត្យក្នុងពេលនេះ ដើម្បីរកវិធីដោះស្រាយបញ្ហាកង្វះទឹកស្អាត នារដូវប្រាំង តែងតែខ្វះទឹកស្អាត ដល់ប្រជាពលរដ្ឋប្រើ ប្រាស់ ដោយសារ នៅស្ថានីយ៍ទឹកស្អាត កន្លងមក ខូចអណ្តូង ជារៀងរាល់ឆ្នាំ ដែលឈានទៅខ្វះទឹក សម្រាប់ផ្គត់ផ្គង់ទឹកស្អាតឲ្យប្រជាពលរដ្ឋប្រើប្រាស់។
ឯកឧត្តម ក៏បានឲ្យក្រុមហ៊ុនទឹកស្អាត និងអាជ្ញាធរមូលដ្ឋាន ធ្វើការសម្របសម្រួលគ្នា លើការកែលំអរទំនប់ទឹកម្ជី ឬទំនប់ទឹកបញ្ជើ ធ្វើប្រឡាយទឹក និងស្តារទំនប់ឲ្យកាន់តែជ្រៅ ដើម្បីផ្ទុកទឹកឲ្យច្រើន សម្រាប់ផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋធ្វើស្រែប្រាំងផង និងមួយចំណែកទៀត បូមយកមកផ្គត់ផ្គង់ដល់ស្ថានីយទឹកស្អាត យកមកចំរុះទឹកឲ្យក្លាយជាទឹកស្អាត ដើម្បីឲ្យប្រជាពលរដ្ឋមានទឹកប្រើប្រាស់នារដូវប្រាំង។
បើតាមការឲ្យដឹងពី ប្រធានមន្ទីរឧស្សាហកម្មខេត្តកំពង់ចាម បានឲ្យដឹងថា ទំនប់ទឹកម្ជី ឬទំនប់បញ្ជើ មានទីតាំងស្ថិតនៅឃុំមេសជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម កសាងឡើងនៅ ឆ្នាំ១៩៧៩ បន្ទាប់មកត្រូវបានជួសជុលឡើងវិញដោយមន្ទីរធនធានទឹក ក្នុងឆ្នាំ២០០០ មានផ្ទៃដី ៩ ហិត្ថា ជម្រៅ ចាប់ពី ៣ ម៉ែត្រ ដល់ ៥ ម៉ែត្រ។ បច្ចុប្បន្នទំនប់ទឹកបញ្ជើបានកំពុងផ្តល់ទឹកឲ្យស្ថានីយបូម យកទៅផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ ចំនួន ២ ឃុំ រួមមាន ឃុំមេសជ្រៃ និងឃុំសូភាស ស្រុកស្ទឹងត្រង់ សរុបជាខ្នងផ្ទះដែលកំពុងប្រើប្រាស់ទឹកស្អាតនេះ មានចំនួន ជាង ៦០០០ ផ្ទះ។






Post a Comment