ឯកឧត្តម កើត រិទ្ធ អញ្ជើញចូលរួមប្រជុំជាមួយគណៈកម្មការជំនាញរដ្ឋសភា ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
ភ្នំពេញ ៖ នារសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ នេះ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានអញ្ជើញជាតំណាងរាជរដ្ឋាភិបាល ដឹកនាំគណៈប្រតិភូ ដែលមានសមាសភាពពីទីស្តីការគណៈរដ្ឋមន្ត្រី និងក្រសួងយុត្តិធម៌ ចូលរួមកិច្ចប្រជុំជាមួយគណៈកម្មការនីតិកម្ម និងយុត្តិធម៌ និងគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន ព្រមទាំងតំណាងគណៈកម្មការនានា នៃរដ្ឋសភា ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្រោមការដឹកនាំដោយឯកឧត្តម អង្គ វង្ស វឌ្ឍានា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា និងឯកឧត្តម កែប ជុតិមា ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន នៃរដ្ឋសភា ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា និងឯកឧត្តម លោកជំទាវ ជាអនុប្រធាន សមាជិក និងសមាជិកា នៃគណៈកម្មការនានានៃរដ្ឋសភា។
ជាលទ្ធផល, អង្គប្រជុំ បានឯកភាពទាំងស្រុងចំពោះខ្លឹមសារនៃសេចក្តីព្រាងច្បាប់នេះ។ សេចក្តីព្រាងច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នឹងត្រូវដាក់ចូលក្នុងរបៀបវារៈនៃសម័យប្រជុំពេញអង្គនៃរដ្ឋសភា ដើម្បីពិនិត្យ និងអនុម័ត នៅពេលខាងមុខ៕









Post a Comment