អភិបាលរងខេត្តកំពង់ចាម ជំរុញឱ្យអ្នកនាំពាក្យរដ្ឋបាលក្រុង-ស្រុក ពង្រឹងកិច្ចសហការ និងចាត់ទុកអ្នកសារព័ត៌មានជាដៃគូមិនអាចខ្វះបាន

 លោក ស្រី សុភ័ក្ត្រ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តកំពង់ចាម ណែនាំដល់អ្នកនាំពាក្យរដ្ឋបាលក្រុង-ស្រុក និងមន្ត្រីពាក់ព័ន្ធ នៃមន្ទីរអង្គភាព នៃរដ្ឋបាលខេត្តកំពង់ចាម ត្រូវចាត់ទុកអ្នកសារព័ត៌មាន ជាដៃគូមិនអាចខ្វះបាន ព្រោះអ្នកសារព័ត៌មានជួយពាំនាំសាររបស់អ្នកទៅកាន់សាធារណជនបានលឿន និងទូលំទូលាយបំផុត។







ថ្លែងបែបនេះនៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងវគ្គបណ្តុះបណ្តាលស្តីពី “ច្បាប់របបសារព័ត៌មាន”ដល់អ្នកនាំពាក្យ និងមន្ត្រីពាក់ព័ន្ធនៃមន្ទីរអង្គភាពនានា នៃសាលាខេត្តកំពង់ចាមនៅសណ្ឋាគារភ្នំប្រុស ក្រុងកំពង់ចាម។ 





ក្នុងឱកាសនោះ លោក ស្រី សុភ័ក្ត្រ បានលើកឡើងថា អ្នកសារព័ត៌មានដើរតួនាទីយ៉ាងសំខាន់ក្នុងការនាំយកនូវរាល់សមិទ្ធផល បញ្ហាប្រឈម និងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ មកជម្រាបជូនរដ្ឋបាលខេត្ត ក៏ដូចជាការផ្សព្វផ្សាយនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលទៅកាន់មូលដ្ឋានវិញ។ 


លោកបានបញ្ជាក់ថា ប្រសិនបើយើងម្នាក់ៗចាត់ទុកអ្នកសារព័ត៌មានជាសត្រូវ ឬព្យាយាមគេចវេសមិនផ្ដល់ព័ត៌មាន នោះវានឹងបង្កើតឱ្យមានចន្លោះប្រហោងនៃទំនុកចិត្តរវាងរដ្ឋបាល និងសាធារណជន។ ផ្ទុយទៅវិញ បើមានភាពជាដៃគូស្អិតរមួត យើងនឹងអាចដោះស្រាយបញ្ហាមូលដ្ឋានបានរហ័ស និងមានប្រសិទ្ធភាពបំផុត។




លោកអភិបាលរងខេត្តកំពង់ចាម បានបន្ថែមថា អ្នកនាំពាក្យត្រូវផ្ដល់ព័ត៌មានឱ្យបានទាន់ពេល និងគ្រប់ជ្រុងជ្រោយដល់អ្នកសារព័ត៌មាន ដើម្បីចៀសវាងការផ្សាយព័ត៌មានមិនពិត ឬព័ត៌មានដែលនាំឱ្យមានការភាន់ច្រឡំ។ 




លើសពីនេះត្រូវលុបបំបាត់គំនិតដែលយល់ថាអ្នកសារព័ត៌មានជាអ្នកចាំតែចាប់កំហុស។ ផ្ទុយទៅវិញ ត្រូវចាត់ទុកពួកគេជាភ្នែកជាច្រមុះ និងជាដៃគូដែលជួយឱ្យរដ្ឋបាលមូលដ្ឋានបំពេញការងារបានកាន់តែល្អប្រសើរ។ លោកបន្តថាក្នុងនាមជាអ្នកនាំពាក្យ ត្រូវត្រៀមខ្លួនឆ្លើយរាល់សំណួរដែលជាកង្វល់របស់ពលរដ្ឋ ប្រកបដោយភាពថ្លៃថ្នូរ យោគយល់ និងការទទួលខុសត្រូវខ្ពស់៕

Powered by Blogger.