ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំប្រកាសសមាសភាពគណៈកម្មាធិការអភិវឌ្ឍន៍ទេសចរណ៍ខេត្តព្រះសីហនុ

 ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់ ដើម្បីប្រកាសសមាសភាពគណៈកម្មាធិការអភិវឌ្ឍន៍ទេសចរណ៍ខេត្តព្រះសីហនុ។



កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោកអភិបាលរងខេត្ត នាយរដ្ឋបាលសាលាខេត្ត អភិបាលក្រុង-ស្រុក ទាំង៦ លោកស្នងរងការនគរបាលខេត្ត និងមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ប្រធានមន្ទីរ និងអង្គភាពពាក់ព័ន្ធនានាជុំវិញខេត្ត។






ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តព្រះសីហនុ បានលើកឡើងថា ការទទួលខុសត្រូវរបស់សមាជិកនីមួយៗ ក្នុងការអនុវត្តតួនាទីភារកិច្ច ដើម្បីប្រែក្លាយខេត្តព្រះសីហនុ ជាគោលដៅទេសចរណ៍ដ៏ទាក់ទាញបំផុត និងមានការអភិវឌ្ឍប្រកបដោយចីរភាព។

គោលបំណងសំខាន់នៃកិច្ចប្រជុំការបង្កើត និងប្រកាសសមាសភាពគណៈកម្មាធិការនេះ ធ្វើឡើងក្នុងគោលបំណង ពង្រឹងការគ្រប់គ្រង ដើម្បីជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ក្នុងខេត្តព្រះសីហនុឱ្យកាន់តែមានសក្តានុពល។






កិច្ចសហការអន្តរវិស័យ បង្កើនកិច្ចសហការរវាងអាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ និងមន្ទីរជំនាញ ដើម្បីធានាសន្តិសុខ សុវត្ថិភាព និងផាសុកភាពជូនភ្ញៀវទេសចរ។

លើកកម្ពស់សេវាកម្ម រៀបចំផែនការយុទ្ធសាស្ត្រថ្មីៗ ដើម្បីទាក់ទាញវិនិយោគិន និងភ្ញៀវទេសចរជាតិ-អន្តរជាតិ មកកាន់ខេត្តតំបន់ឆ្នេរមួយនេះឱ្យកាន់តែច្រើនឡើង។








រដ្ឋបាលខេត្តព្រះសីហនុ នឹងបន្តរៀបចំផែនការសកម្មភាពលម្អិត បន្ទាប់ពីការប្រកាសសមាសភាពនេះ ដើម្បីឆ្លើយតបទៅនឹងកំណើនសេដ្ឋកិច្ច និងទេសចរណ៍នាពេលបច្ចុប្បន្ន៕

រូបភាព ៖ ម៉ាង ស៊ីណេត


Powered by Blogger.