សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញដឹកនាំប្រតិភូរដ្ឋសភា ចូលរួមពិធីបុណ្យនិងគោរពវិញ្ញាណក្ខន្ធសព មាតាបង្កើត ឯកឧត្តមបណ្ឌិតសភាចារ្យ ជូ វិជិត្ត រដ្ឋលេខាធិការប្រចាំការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃអាទិត្យ ទី១៨ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំប្រតិភូរដ្ឋសភា ចូលរួមពិធីបុណ្យនិងគោរពវិញ្ញាណក្ខន្ធសព អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ឌី សានឿន ដែលជាមាតាបង្កើត ឯកឧត្តមបណ្ឌិសភាចារ្យ ជូ វិជិត្ត រដ្ឋលេខាធិការប្រចាំការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលទទួលមរណភាពនៅថ្ងៃសៅរ៍ទី១៧ ខែមករា ឆ្នាំ២០២៦ក្នុងជន្មាយុ ៨៤ឆ្នាំដោយជរាពាធ។
ក្នុងបរិយាកាសដ៏សែនវិយោគសោកសង្រេងស្រណោះអាឡោះអាល័យនេះ សម្តេចប្រធានរដ្ឋសភា បានចូលរួមរំលែកនូវមរណទុក្ខដ៏មហាក្រៀមក្រំ ជាមួយក្រុមគ្រួសារសព និងចាត់ទុកមរណភាព អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ឌី សានឿន គឺជាការបាត់បង់នូវ មាតាបង្កើត មាតាក្មេក ជីដូន បងប្អូន ជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅ និងប្រកបដោយព្រហ្មវិហារធម៌ សង្គហធម៌ដ៏បវរប្រពៃ និងជាធនធានដ៏កម្រដែលបានចំណាយកម្លាំងកាយចិត្ត និងធនធានសន្ធឹកសន្ធាប់ ដើម្បីព្រះពុទ្ឋសាសនា សង្គម និងមនុស្សធម៌។
សម្តេចរដ្ឋសភាធិបតី និងប្រតិភូរដ្ឋសភា បានបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងតេជះបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយបីបាច់ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ បានចាប់បដិសន្ធិក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ៕









Post a Comment