ថ្វីដ្បិតតែភូមិកោះពាមរាំង នៅដាច់ស្រយ៉ាលពីគេមែនតែអ្នកភូមិដាំបន្លែបានលទ្ធផលល្អគួរអោយចាប់អារម្មណ៍

ព្រៃវែង ៖ កោះពាមរាំង ជាឈ្មោះភូមិមួយនៅក្នុងចំណោមភូមិទាំង៤ ដែលស្ថិតនៅដាច់ស្រយ៉ាលពី ភូមិគេផ្សេងៗទៀត គឺស្ថិតនៅចំកណ្ដាលនៃផ្ទៃទន្លេមេគង្គ ក្នុងឃុំកោះចេក ស្រុកពាមជរ ខេត្តព្រៃវែង ដោយការធ្វើដំណើរត្រូវឆ្លងកាត់កំពង់ចម្លងដើម្បីទៅដល់ភូមិនេះដែលមានចម្ងាយប្រមាណ៥៥គីឡូម៉ែត្រពីទីរួមខេត្ត ។




ភូមិកោះពាមរាំងមានព្រំប្រទល់ខាងលិចជាប់ស្រុកលើកដែក នៃខេត្តកណ្ដាល ចំណែក ខាងជើង ខាងកើត និងខាងត្បូងហ៊ុំព័ទ្ធទៅដោយទន្លេដែលមានប្រជាជនរស់នៅប្រមាណ ២៣១គ្រួសារ រឺ៩៥០នាក់ ដោយមានផ្ទៃដីសរុប ៧០០ហិចតា ហើយមានលក្ខណៈអំណោយផលពីធម្មជាតិដល់ការដាំដុះ ដែលសំបូរដោយប្រភពទឹកប្រើប្រាស់ស្រោចស្រពគ្រប់គ្រាន់សម្រាប់រួមចំណែកក្នុងការអភិវឌ្ឍកសិកម្ម និងកសិ-ឧស្សាហកម្ម ដែលប្រជាជនភូមិនេះស្ទើរតែមួយរយភាគរយជាអ្នកប្រកបរបរដាំដំណាំ។ ពួកគេមិនទុកដីឲ្យនៅសល់ទំនេរចោលឡើយ សូម្បីតែដីទីធ្លាមុខផ្ទះក៏ព័ទ្ធសំណាញ់ លើករង ដាំបន្លែបង្ការដែរ។ 





ក្រុមកសិករទាំងនេះ ផលិតបន្លែសរីរាង្គ និងបន្លែសុវត្ថិភាពរាប់សិបប្រភេទដូចជា ត្រសក់ ម្រះ ត្រប់ ត្រលាច ននោង ស្លឹកបាស់ ស្លឹកផ្ទី ស្ពៃចង្កឹះ ស្ពៃតឿ ស្ពៃខ្មៅ ស្ពៃក្រញ៉ាញ់ ស្ពៃក្ដោប សាលាដ    ខាត់ណា ប៉េងប៉ោះ ឆៃថាវ សណ្ដែកគួរ  ខ្ទឹមស្លឹក ម្ទេស ជីរ ព្រមទាំងដំណាំកសិ-ឧស្សាហកម្មមួយចំនួនដូចជា ពោត សណ្ដែកបាយ សណ្ដែកដី ល្ងជាដើម។ លើសពីនេះ ដែនដីកោះនេះ ក៏មានដំណាំហូបផ្លែតាមរដូវកាលដែរដូចជាផ្លែទឹកដោះ ពុទ្រ្ទា ឪឡឹក ល្មុត ម្នាស់ ពិសេសចេកគ្រប់ប្រភេទដែលគ្រប់រដូវកាល។ 





សូមអញ្ជើញមកទទួលរសជាតិបន្លែបន្លុក និងផ្លែឈើពីកោះពាមរាំង នៅផ្សារផលិតផលខ្មែរ រៀងរាល់ថ្ងៃព្រហស្បតិ៍,សុក្រ នៅខាងមុខមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រៃវែង។

Powered by Blogger.