បទយកការណ៍៖ ផ្លូវកង់ជាជម្រើសទស្សនាទេសភាព ដ៏ស្រស់ស្អាតរបស់ភ្ញៀវទេសចរ ក្នុងរមណីយដ្ឋានអង្គរ
ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបានមកទស្សនារមណីយដ្ឋានអង្គរ ក្រៅពីការធ្វើដំណើរដោយរថយន្ត ម៉ូតូ ឬមធ្យោបាយផ្សេងៗ នៅលើផ្លូវកៅស៊ូដ៏ធំទូលាយ និងភាពស្រស់ស្អាតនៅក្នុងខេត្ដហើយនោះ ក៏មានជាផ្លូវកង់ ដែលអាជ្ញាធរជាតិអប្សរា បានបង្កើតឡើងប្រវែង២៣គីឡូម៉ែត្រ សម្រាប់ទេសចរជិះកង់ ទស្សនារមណីយដ្ឋានអង្គរផងដែរ។
ការធ្វើដំណើរកម្សាន្ដនៅក្នុងរមណីយដ្ឋានអង្គរដោយការជិះកង់របស់ភ្ញៀវទេសចរបែបនេះ បានចូលរួមចំណែកជួយលើកកម្ពស់ដល់បរិស្ថាន ធ្វើឱ្យរាងកាយរឹងមាំ មានសុខភាពល្អ តាមរយៈការហាត់ប្រាណដោយជិះកង់ ដែលអាចមើលឃើញ និងទស្សនាទេសភាពប្លែកៗនៅតាមដងផ្លូវ ព្រមទាំងជួយធ្វើឱ្យអារម្មណ៍របស់ភ្ញៀវទេសចរកាន់តែស្រស់ថ្លា និងមានភាពសប្បាយរីករាយថែមទៀត។
ជាមួយគ្នានេះ អាជ្ញាធរជាតិអប្សរា បានសង្កេតឃើញថា ចាប់តាំងតែពីក្រោយស្ថានភាពជំងឺកូវីដ១៩ បានស្ងប់ស្ងាត់មក ចំនួនភ្ញៀវទេសចរ ដែលនិយមជិះកង់ទស្សនាប្រាសាទនានានៅវង់តូច និងវង់ធំ មានកាន់តែច្រើន ឡើងៗ នៅក្នុងរមណីយដ្ឋានអង្គរ។
លោក សេង សុធារ៉ា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា បើគិតជាមធ្យមមានអ្នកជិះកង់ទស្សនាតំបន់អង្គរ លើផ្លូវដែលរៀបចំដោយអាជ្ញាធរជាតិអប្សរាមានចំនួនប្រមាណជាង១០០កង់ ក្នុង១ថ្ងៃៗ។
លោកបានលើកឡើងថា បច្ចុប្បន្ននេះ ភ្ញៀវទេសចរជាច្រើនពេញចិត្តចំពោះការរៀបចំឱ្យមានផ្លូវជិះកង់នៅក្នុងព្រៃ តាមវាលស្រែ នៅក្នុងរមណីយដ្ឋានអង្គរ ដោយកំណើនភ្ញៀវទេសចរជិះកង់ បានកើនឡើងពីមួយខែទៅមួយខែ លើកលែងតែរដូវភ្លៀងធ្លាក់ខ្លាំងតែប៉ុណ្ណោះ។
លោកបានបន្ដថា អាជ្ញាធរជាតិអប្សរា បានស្ថាបនាផ្លូវជិះកង់ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ប្រវែង២៣ គីឡូម៉ែត្រ តាំងតែពីឆ្នាំ២០១៩។ ផ្លូវជិះកង់នេះ មានឆ្លងកាត់ព្រៃព្រឹក្សា ស្ទឹង វាលស្រែ និងក្បែរៗប្រាសាទ ដែលជាផ្នែកមួយធ្វើឱ្យមានភាពទាក់ទាញអារម្មណ៍ទេសចរបែរមកជិះកង់ជំនួសយានយន្តផ្សេងៗ នៅក្នុងរមណីយដ្ឋានអង្គរ។
លោកបានអះអាងថា៖ «បើទោះបីជាផ្លូវកង់នេះ បានទទួលការគាំទ្រពីភ្ញៀវទេសចរជាច្រើនក៏ដោយ ក៏អាជ្ញាធរជាតិអប្សរា នៅតែមានគម្រោងរៀបចំកែលម្អបន្ថែមទៀតទៅតាមសំណូមពររបស់ភ្ញៀវទេសចរដែលនិយមជិះកង់។ បច្ចុប្បន្ននេះ អាជ្ញាធរជាតិអប្សរា បានរៀបចំចំណតកង់ចំនួន៨កន្លែង នៅលើទីតាំងសំខាន់ៗ តាមគោលដៅទស្សនារមណីយដ្ឋានអង្គរក្នុងវង់តូច និងវង់ធំ ផ្តល់ងាយស្រួលចត មានសុវត្ថិភាព និងសណ្តាប់ ធ្នាប់ថែមទៀត។»
ជាមួយគ្នានេះដែរ លោក សេង សុធារ៉ា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរាបានបន្ថែមថា ការរៀបចំផ្លូវសម្រាប់ជិះកង់ទស្សនាតំបន់អង្គរនេះ គឺជាគំនិតផ្ដួចផ្ដើមដ៏មានសារៈសំខាន់ សម្រាប់ពង្រីកវិស័យទេសចរណ៍ថ្មីៗ។
លោកបានសង្កត់ធ្ងន់ថា៖ «ផ្លូវជិះកង់បានបង្កើតឱ្យទៅជាដំណើរទស្សនាអង្គរថ្មីមួយទៀត ពីព្រោះថាក្រៅពីទេសចរទស្សនាប្រាសាទ គឺអាចជិះកង់កម្សាន្តនៅតាមព្រៃអង្គរ ទេសភាពវាលស្រែផ្លាស់ប្តូរតាមរដូវកាល មានបរិយាកាសល្អបរិសុទ្ធពីធម្មជាតិ ដូចជាការហាត់កីឡា ដើម្បីសុខភាពថែមទៀត ផងដែរ»។
សូមជម្រាបជូនថា បច្ចុប្បន្ននេះមិនថា សម្រាប់ថ្ងៃសម្រាកចុងសប្តាហ៍ ឬថ្ងៃធ្វើការធម្មតាឡើយ ការធ្វើដំណើរដោយជិះកង់ តាមវង់ទស្សនាដែលអាជ្ញាធរជាតិអប្សរាបានរៀបចំ មិនត្រឹមតែមានសុខសុវត្ថិភាព និងសុខភាពល្អប៉ុណ្ណោះទេ អ្នកទេសចរក៏អាចគយគន់ទេសភាពព្រៃព្រឹក្សា ខ្យល់អាកាសល្អបរិសុទ្ធ វាលស្រែ ទស្សនាជីវភាពរស់នៅប្រចាំថ្ងៃ និងភូមិឋានបងប្អូនអ្នកស្រុកអង្គរយ៉ាងសប្បាយរីករាយ។
លោក គង់ វេត ប្រជាពលរដ្ឋម្នាក់នៅក្រុងសៀមរាប ដែលចូលចិត្តជិះកង់ហាត់ប្រាណ នៅក្នុងតំបន់អង្គរបានលើកឡើងថា ការជិះកង់មានអត្ថប្រយោជន៍ច្រើន គឺល្អទាំងកាយសម្បទា ល្អទាំងភ្នែក ល្អទាំងអារម្មណ៍ និយាយរួមការជិះកង់ ធ្វើឱ្យកាយសម្បទា រាងកាយយើងទាំងអស់បានល្អប្រសើរ។
លោកបានបញ្ជាក់ថា៖ «ការជិះកង់ យើងបានបង្កើននូវទំនាក់ទំនងជាមិត្តភាពបានច្រើន និងល្អប្រសើរបន្ថែមទៀត។ ចំពោះអារម្មណ៍ និងកែវភ្នែកវិញ ពេលយើងជិះកង់ គឺបានឃើញនូវទិដ្ឋភាពប្លែកៗ ជាពិសេសប្រាសាទបុរាណ វាលស្រែ ទស្សនាជីវភាពរស់នៅប្រចាំថ្ងៃនិងភូមិឋានបងប្អូនអ្នកស្រុកអង្គរ និងបានឈ្វេងយល់បន្ថែមទៀតពីតំបន់រមណីយដ្ឋានអង្គរ»។
លោក គង់ វេត បានបញ្ជាក់បន្ថែមថា ប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាប ក៏ដោយ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក៏ដោយ ពេលបានមកតំបន់រមណីយដ្ឋានអង្គរ សាកល្បងជិះកង់ម្តង លោកអ្នក នឹងទទួលបានអារម្មណ៍មួយប្លែកបន្លែមទៀត៕





Post a Comment