ខេត្តព្រះសីហនុ៖សេចក្តីប្រកាសព័ត៍មានស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ មានកិត្តិយស សូមជម្រាបជូន សាធារណជន មេត្តាជ្រាបថា
កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ១៧ និង០០នាទី សមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានទទួលព័ត៌មានថា នៅចំណុចសណ្ឋាគារ QueenCo ជាន់ទី២ បន្ទប់លេខ២២៤ ស្ថិតនៅក្រុមទី២៤ ភូមិ៣ សង្កាត់លេខ៣ ក្រុង.ខេត្តព្រះសីហនុ មានករណីជនជាតិកូរ៉េ ០១នាក់ ភេទប្រុស ស្លាប់ក្នុង
បន្ទប់ទឹក ដោយមិនដឹងមូលហេតុ។
បន្ទាប់ពីទទួលបានព័ត៌មានខាងលើ ឯកឧត្តម ឧត្តមសេនីយ៏ឯក អគ្គស្នងការរង និងជាស្នងការ
នគរបាលខេត្តព្រះសីហនុ បានចាត់កម្លាំងសមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សហការជាមួយសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ចុះទៅកន្លែងកើតហេតុភ្លាមៗ ដើម្បីធ្វើការស្រាវជ្រាវ
ជាលទ្ធផល អត្តសញ្ញាណសាកសពឈ្មោះ KIM SANGYONG ភេទប្រុស ជនជាតិកូរ៉េ ថ្ងៃខែឆ្នាំកំណើត០១-មករា-១៩៦៧ មុខរបរ ទេសចរណ៍ កាន់លិខិតឆ្លងដែនលេខ M901C9298 មានសុពលភាពត្រឹមថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០៣៣ ជាភ្ញៀវស្នាក់នៅក្នុងសណ្ឋាគារ QueenCo ដោយស្នាក់នៅរយៈពេល ១១ថ្ងៃមកហើយ។
យោងតាមការស្រាវជ្រាវ ស៊ើបអង្កេត និងការពិនិត្យសាកសព ជាបឋមសមត្ថកិច្ចជំនាញ សន្និដ្ឋាន
ថាជនរងគ្រោះស្លាប់ដោយសារការធ្វើអត្តឃាត (ដោយចងកសម្លាប់ខ្លួន) ហើយបច្ចុប្បន្ន សពខាងលើ ត្រូវបានប្រគល់ជូននាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ ដើម្បីបន្តនីតិវិធីជូនក្រុមគ្រួសារនៃសព។អាស្រ័យដូចបានជម្រាបជូនខាងលើ សូម សាធារណជន មេត្តាជ្រាបជាព័ត៌មាន។
សូមបញ្ជាក់ផងដែរថា យោងតាមរបាយការណ៍ មិនបង្ហាញអត្តសញ្ញាណបានឲ្យដឹងថា សណ្ឋាគារនិងកាសុីណូQueenCo ដែលមានថៅកែជាជនជាតិអ៊ីស្រាអែល កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥នេះ ក៏ធ្លាប់មានរឿងរ៉ាវ ពាក់ព័ន្ធនឹងជនជាតិកូរ៉េចំនួន០៤នាក់ផងដែរ៕





Post a Comment