លោកជំទាវ ឡុង ភិរម្យ រដ្ឋលេខាធិការក្រសួង ទេសចរណ៍ អញ្ជើញបើកសិក្ខាសាលាស្តីពី“សុវត្ថិភាពកុមារក្នុងវិស័យទេសចរណ៍” នៅសាលប្រជុំមន្ទីរទេសចរណ៍ខេត្តកំពង់ចាម

លោកជំទាវ ឡុង ភិរម្យ រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការសុវត្ថិភាពកុមារ ក្នុងវិស័យទេសចរណ៍ បានអញ្ជើញបើកសិក្ខាសាលាស្តីពី“សុវត្ថិភាពកុមារក្នុងវិស័យទេសចរណ៍” ដោយមានការចូលរួមពីលោកលោកស្រីប្រធានមន្ទីរ អនុប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ ជុំវិញខេត្ត អាជ្ញាធរដែនដីសមត្ថកិច្ចពាក់ព័ន្ធ ម្ចាស់អ្នកគ្រប់គ្រងមូលដ្នានអាជីវកម្ម សេវាកម្មទេសចរណ៍ សរុបប្រមាណជាង០៧រយនាក់ ”នៅសាលប្រជុំមន្ទីរទេសចរណ៍ខេត្តកំពង់ចាម នារសៀល ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥។



លោកជំទាវ ឡុង ភិរម្យ រដ្ឋលេខាធិការក្រសួងទេសចរណ៍ មានប្រសាសន៍ថាសិក្ខាសាលាក្នុងថ្ងៃនេះគឺក្នុងគោលបំណង ដើម្បីលើកកម្ពស់សុវតិ្ថភាពកុមារពីការរំលាភបំពាន ការកេងប្រវ័ញផ្លូវភេទ និងជំរុញបង្កើនការយល់ដឹងលើក្រមសីលធម៌ យន្ដការការពារកុមារក្នុងវិស័យទេសចរណ៍ ឱ្យបានល្អប្រសើរថែមទៀត។ 





យើងដឹងហើយថា ៖ រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នេះ បានដាក់ឱ្យអនុវត្តនូវយុទ្ធសាស្រ្ដបញ្ចកោណដំណាក់កាលទី១ គឺកំណត់យកមនុស្សជាអាទិភាព និងបានកំណត់នូវគោលនយោបាយ ដើម្បីអភិវឌ្ឍទេសចរណ៍ជាតិគឺ “ទេសចរណ៍វប្បធម៌ និងធម្មជាតិ” គ្មានគោលនយោលបាយលើកទឹកចិត្តដល់ទេសចរណ៍ផ្លូវភេទ ប្រឆាំងដាច់ខាតការកេងប្រវ័ញផ្លូវភេទលើកុមារក្នុងវិស័យទេសចរណ៍ និងធានាឱ្យបានវិស័យទេសចរណ៍ ស្អាត បៃតង និងមានសុវតិ្ថភាព ប្រែក្លាយកម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយភាពរស់វើក ការប្រកួតប្រជែងនិងចីរភាព។







លោកជំទាវ រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានឲ្យដឹងទៀតថា សម្រាប់វិស័យទេសចរណ៍ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ តែងតែលើកទឹកចិត្ត និងគាំទ្រដល់សកម្មភាពនានាក្នុងការលុបបំបាត់ភាពអវិជ្ជមានដើម្បីបង្កើនភាពទាក់ទាញដល់វិស័យទេសចរណ៍។ ឯកឧត្តមរដ្ឋមន្ត្រី បានយកចិត្តទុកដាក់គិតគូរជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ជាការងាររបស់យើងទាំងអស់គ្នា ស្របតាមពាក្យស្លោកថា “ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍”  និងពាក្យស្លោក “ពលរដ្ឋម្នាក់ជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់” ហើយក្នុងពេលថ្មីៗនេះ  សម្តេចមហាបវរធិបតី ប្រមុខរាជរដ្ឋាភិបាលបានដាក់ចេញនូវពាក្យស្លោក “ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព” និងយុទ្ធនាការទស្សនា “រដូវកាលបៃតងនៅកម្ពុជា” “Visit Cambodia Green Season”។

Powered by Blogger.