លោកឧត្ដមសេនីយ៍ទោ ឈឿន ប៊ុនឆន អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ ការងារប្រចាំខែ សីហា ឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តការងារប្រចាំខែកញ្ញា
ខេត្តព្រៃវែង ៖ នៅរសៀលថ្ងៃថ្ងៃពុធ ១១កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥លោកឧត្ដមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តការ ការងារប្រចាំខែ សីហា ឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តការងារប្រចាំខែ កញ្ញា ព្រមទាំងផ្សព្វផ្សាយផែនការណ៍យុទ្ធសាស្រ្ត បន្តបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យបានល្អប្រសើរបន្តទៀត ។ ក្នុងពិធីនេះផងដែរក៏ទទួលបានការអញ្ជើញចូលរួម
ពីសំណាក់លោកឧត្ដមសេនីយ៍ វរសេនីយ៍ ស្នងការរង លោកប្រធាន-អនុប្រធាន លោកនាយការិយាល័យទាំង៣០ លោកប្រធានអង្គភាពទាំងពីរ លោកមេបញ្ជាការវរនគរបាលកាពារព្រំដែនគោកលេខ៦០៧ លោកអធិការនគរបាលក្រុង-ស្រុកទាំង១៣ លោកអធិការរងទទួលការងារសេនាធិការ នៃអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង ១៣ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១១៦ លោកនាយប៉ុស្តិ៍នគរបាលវរការពារព្រំដែនទាំង៧ ចំណុះស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ។
ក្នុងឱកាសនេះដែរលោកឧត្ដមសេនីយ៍ទោ ស្នងការ ក៏បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោកស្នងការរង លោកនាយការិយាល័យ លោកអធិការ ព្រមទាំងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ដែលបានខិតខំយកចិត្តទុកដាក់ក្នុងការបំពេញភារកិច្ចការងារបម្រើសេវាសាធារណៈប្រចាំថ្ងៃជូនដល់បងប្អូនប្រជាពលក្នុងមូលដ្ឋាន ជាពិសេសការផ្សព្វផ្សាយ ទប់ស្កាត់បញ្ហាក្មេងទំនើង និងទប់ស្កាត់បញ្ហាចោរកម្មផ្សេងៗ ពោលគឺការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព របស់រាជរដ្ឋាភិបាលកម្ពុជាបានយ៉ាងល្អប្រសើរ ។
ព្រមជាមួយគ្នានេះដែរ លោកឧត្តមសេនីយ៍ទោ ស្នងការក៏បានធ្វើការកោតសរសើរ និងផ្ដល់ជារង្វាន់លើកទឹកចិត្តដល់លោកនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលមួយចំនួន នៃអធិការដ្ឋាននគរបាលក្រុង-ស្រុកដែលពាក់ព័ន្ធ ហើយបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានល្អប្រសើរជាងគេ ជាអង្គភាពប៉ុស្តិ៍នគរបាលរដ្ឋបាលដែលមានបរិស្ថានស្អាតជាងគេទូទាំងខេត្តព្រៃវែងផងដែរ ៕
ពិធីនេះធ្វើឡើងនៅសាលប្រជុំធំទូលបារាយណ៍អណ្ដែត ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ៕ប្រភព ស្នងការនគរបាលខេត្តព្រៃវែង














Post a Comment