គាំទ្រផលិតផលសៀមទៀតអត់ ចេះឈឺអត់ កងទ័ពថៃលើកពីហេតុផលដែលបន្តឃុំខ្លួនទាហានកម្ពុជាចំនួន១៨នាក់
កងយោធពលភូមិន្ទថៃ( RTA )នៅថ្ងៃចន្ទទី០៨ខែកញ្ញាឆ្នាំ២០២៥នេះ បានលើកពីហេតុផលដែលបន្តឃុំខ្លួនទាហានកម្ពុជាចំនួន១៨នាក់ ដោយនិយាយថា ទាហានខ្មែរត្រូវបានចាប់ខ្លួន អំឡុងពេលការប្រយុទ្ធគ្នានៅតែបន្ត ហើយសង្កត់ធ្ងន់ថា ជម្លោះប្រដាប់អាវុធតាមបណ្តោយព្រំដែន មិនទាន់បញ្ចប់ទាំងស្រុងនៅឡើយទេ។ នេះបើតាមការលើកឡើងពីអ្នកនាំពាក្យ RTA លោកវីនថៃ ស៊ូរ៉ាវី។
លោកវីនថៃបានចោទទាហានកម្ពុជាថា នៅតែបន្តវាយប្រហារលើទាហានថៃ បើទោះបីជាបទឈប់បាញ់បានចូលជាធរមាន នៅកណ្តាលអធ្រាត្រថ្ងៃទី២៨ខែកក្កដាក៏ដោយ។ អ្នកនាំពាក្យកងទ័ពថៃម្នាក់នេះ បានអះអាងទៀតថា ទាហានកម្ពុជា ១៨នាក់ ត្រូវបានចាប់ខ្លួននៅលើដីថៃ ក្នុងអំឡុងពេលប្រយុទ្ធ ដែលលោកចាត់ទុកថា ជាការរំលោភលើបទឈប់បាញ់ ដែលនេះជាហេតុផលត្រឹមត្រូវនៅក្នុងការឃុំខ្លួនទាហានកម្ពុជា។
លោកវីនថៃបានហៅទាហានកម្ពុជា ថាជាអ្នកទោសសង្រ្គាម។ លោកអះអាងថា នៅក្រោមច្បាប់អន្តរជាតិ អ្នកទោសសង្រ្គាមអាចធ្វើមាតុភូមិនិវត្តន៍បាន លុះត្រាតែជម្លោះប្រដាប់អាវុធបានបញ្ឈប់ទាំងស្រុង។
អ្នកនាំពាក្យកងទ័ពថៃរូបនេះបានចោទថា កម្ពុជានៅតែបន្តបំពានលើកិច្ចព្រមព្រៀងបទឈប់បាញ់តាមមធ្យោបាយមួយចំនួន។ នៅក្នុងនោះរួមមាន ការឃ្លាំមើលដោយយន្តហោះគ្មានមនុស្សបើក, ការរៀបចំឱ្យជនស៊ីវិលតវ៉ាដើម្បីញុះញង់ទាហានថៃ និងការលុកលុយឆ្លងព្រំដែនដើម្បីដកបន្លាលួស ឬដាក់គ្រាប់មីន។ លោកវីនថៃថាឧប្បត្តិហេតុបែបនេះ បានបង្ហាញឱ្យឃើញថា ជម្លោះប្រដាប់អាវុធមិនទាន់បានបញ្ចប់ទេ បើទោះបីជាស្ថានភាពទាំងមូល ហាក់ដូចជាមានភាពប្រសើរឡើងក៏ដោយ។
យ៉ាងណាក៏ដោយ នេះគ្រាន់តែជាការលើកឡើងរបស់កងទ័ពថៃ ធ្វើជាលេសដើម្បីបន្តឃុំខ្លួនទាហានកម្ពុជាប៉ុណ្ណោះ។ បើតាមក្រសួងការពារជាតិកម្ពុជាបានអះអាងថា ទាហានទាំង១៨នាក់ ត្រូវបានថៃឃុំខ្លួនដោយខុសច្បាប់។ កងទ័ពថៃបានប្រើល្បិច ដើម្បីចាប់ខ្លួនទាហានកម្ពុជា នៅថ្ងៃទី២៩ខែកក្កដាឆ្នាំ២០២៥ ក្រោយបទឈប់បាញ់រវាងថៃនិងកម្ពុជា បានចូលជាធរមាននៅពាក់កណ្តាលយប់ ថ្ងៃទី២៨ខែកក្កដាឆ្នាំ២០២៥។ ដូច្នេះ នេះគឺជាការចាប់ឃុំខ្លួនទាហានកម្ពុជាដោយខុសច្បាប់។ គិតត្រឹមថ្ងៃទី០៨ខែកញ្ញាឆ្នាំ២០២៥នេះ មានរយៈពេល ៤១ ថ្ងៃហើយដែលទ័ពកម្ពុជា ត្រូវបានទាហានថៃចាប់ខ្លួនដោយខុសច្បាប់។
នៅថ្ងៃទី០៨ខែកញ្ញានេះ អ្នកនាំពាក្យ RTA បានធានាចំពោះសុខុមាលភាពរបស់ទាហានកម្ពុជាទាំង១៨នាក់ និងថាលក្ខខណ្ឌរបស់ទាហានខ្មែរ ត្រូវបានផ្ទៀងផ្ទាត់ពីរដងដោយតំណាងនៃគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ ដែលបានជួបនិងនិយាយជាមួយពួកគាត់។ លោកវីនថៃបានបន្ថែមថា RTA នឹងជួយសម្រួលដល់ការចូលដំណើរការ សម្រាប់អង្គការអន្តរជាតិណា ដែលចង់ជួបទាហានកម្ពុជាដែលកំពុងជាប់ឃុំ។
ទោះបីជាយ៉ាងណាក៏ដោយ កម្ពុជាទាមទារឱ្យកងទ័ពថៃ ដោះលែងទាហានកម្ពុជាត្រលប់មកវិញ។ រាជរដ្ឋាភិបាលបានខិតខំគ្រប់មធ្យោបាយ ដើម្បីធានាឱ្យមានការដោះលែងនិងការធ្វើមាតុភូមិនិវត្តន៍កងទ័ពកម្ពុជាទាំង១៨រូប ដែលកងកម្លាំងថៃបានឃុំខ្លួនបន្ទាប់ពីបទឈប់បាញ់។ ក្នុងចំណោមកិច្ចខិតខំប្រឹងប្រែងទាំងនោះ កម្ពុជាបានទាក់ទងជាមួយគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិដោយភាពស្មោះត្រង់ ដើម្បីស្វែងរកការគាំពារផ្នែកមនុស្សធម៌ មិនមែនការប្រឈមផ្នែកនយោបាយនោះទេ។ អាទិភាពបន្ទាន់របស់កម្ពុជា គឺច្បាស់លាស់ ដោយអ្នកទោសសង្គ្រាម ត្រូវផ្តល់សិទ្ធិក្នុងការចូលជួប ត្រួតពិនិត្យ និងធ្វើមាតុភូមិនិវត្តន៍។
ជាមួយគ្នានេះ គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ បានបញ្ជាក់ឡើងវិញនូវការទទួលស្គាល់របស់ខ្លួន ចំពោះកងទ័ពទាំង១៨រូបនោះ ថាជាអ្នកទោសសង្គ្រាម ព្រមទាំងបានអះអាងថា នឹងធ្វើដំណើរទស្សនកិច្ចតាមដាននៅដើមខែកញ្ញា ដើម្បីផ្ទៀងផ្ទាត់លក្ខខណ្ឌ និងធានានូវការទាក់ទងជាមួយក្រុមគ្រួសារ៕ ដោយ៖អ៊ុន សុខឡា
#ប្រទេសកម្ពុជា #ប្រទេសថៃ #ព្រំដែន #ទាហាន១៨នាក់ #វិទ្យុវាយោ #VAYO #VAYORadio




Post a Comment