ប្រធានគោលនយោបាយ កែទម្រង់វិស័យអប់រំ ស្នើឱ្យបញ្ឈប់ជាបន្ទាន់ការប្រើកុមារឱ្យទៅទិញគ្រឿងស្រវឹង ឬបារី

ឯកឧត្តម សែមស័ក្តិ សិនា ប្រធានផ្នែកគោលនយោបាយ នៃលេខាធិការដ្ឋានគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំនៅកម្ពុជា បានលើកឡើងថា សូមបញ្ឈប់ជាបន្ទាន់នូវការប្រើកូនឱ្យទៅទិញគ្រឿងស្រវឹង ឬបារីជំនួសខ្លួន ដែលលោកចាត់ទុកថាទង្វើនេះជារឿងអសីលធម៌ក្នុងសង្គម។ ឯកឧត្តមស្នើឱ្យអ្នកលក់ដូរកុំលក់គ្រឿងស្រវឹង ឬបារីឱ្យកុមារក្រោម១៨ឆ្នាំដាច់ខាត។ សូមកុំចង់ចំណេញតិចតួច តែបង្ករឿងអសកម្មនានាក្នុងសង្គម។ ឯកឧត្តមបានបន្ថែមថា ការលក់គ្រឿងស្រវឹង និងបារីឱ្យអនីតិជនជារឿងខុសនឹងច្បាប់ ហើយក្បត់នឹងសតិសម្បជញ្ជៈ។ 





ថ្លែងលម្អិតក្នុងបាឋកថា ស្តីពី គោលនយោបាយកែទម្រង់វិស័យអប់រំនៅកម្ពុជា ឯស្រុកទឹកឈូ ខេត្តកំពត ឯកឧត្តមបានសង្កត់ធ្ងន់ថាការចូលរួមរបស់សហគមន៍ក្នុងការលើកកម្ពស់មូលធនមនុស្ស ពិសេសកម្រិតបឋមសិក្សានៅកម្ពុជា គឺជារឿងចាំបាច់ ដែលជាធាតុផ្សំសំខាន់មួយនៃវិធានការគន្លឹះសំខាន់ៗក្នុងវិស័យអប់រំ។ សហគមន៍ រួមមានមាតាបិតា អាណាព្យាបាល អាជ្ញាធរដែនដី បុព្វជិត និងអ្នកមានមូលដ្ឋានតាំងនៅក្នុងរង្វង់ជុំវិញសាលារៀន ដើរតួជាអ្នកជំរុញ និងកម្ពស់គុណភាពសិក្សារបស់សិស្ស។ ជាឧទាហរណ៍ ប្រសិនបើសិស្សបានទទួលនូវចំណេះដឹងល្អពីសាលារៀន តែពេលដល់ផ្ទះ មាតាបិតាឈ្លោះប្រកែកគ្នា ប្រើពាក្យអសុរសនានា នោះនឹងប៉ះពាល់ដល់អារម្មណ៍សិក្សារបស់កូន ហើយកូនអាចនឹងចម្លងពាក្យនោះទៅប្រើជាមួយមិត្តរួមថ្នាក់ ឬអ្នកដទៃ។ 








ឯកឧត្តមអំពាវនាវឱ្យសហគមន៍ចូលរួមចំណែកជាជនបង្គោលក្នុងការលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា តាមរយៈសុច្ចរិតភាពនៃការលក់ដូរ ការផ្សព្វផ្សាយនូវទង្វើល្អៗ ការសាបព្រោះសកម្មភាពល្អៗ និងធ្វើជាគំរូល្អដល់សហគមន៍ទាំងមូល៕

Powered by Blogger.