ឯកឧត្តម វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បាននាំយកទៀនព្រះវស្សា ទេយ្យទាន បច្ច័យ និងគ្រឿងបរិក្ខារមកប្រគេនដល់ព្រះសង្ឃចំនួន៩វត្តក្នុងស្រុកពារាំង

:នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥ នេះឯកឧត្តម វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកពារាំង ព្រមទាំងក្រុមការងារទាំងអស់ចុះមូលដ្ឋានភូមិ  ឃុំ ក្នុងស្រុកពារាំង បាននាំយកទៀនព្រះវស្សា  បច្ច័យ ទេយ្យទាន និងគ្រឿងបរិក្ខារ មកប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅតាមបណ្តារវត្តចំនួន៩ ក្នុងឃុំទាំង៩នៃស្រុកពារាំង ខេត្តព្រៃវែង ដែលគង់ចាំព្រះវស្សាចំនួន៣ខែ គិតចាប់ពីថ្ងៃ១រោច ខែអាសាឍ ដល់ថ្ងៃទី១៥កើត ខែអស្សុជ ឆ្នាំ២០២៥។






កម្មវិធីនេះដែរបានប្រារព្ធធ្វើឡើងនៅវត្តព្រៃស្លា ស្ថិតក្នុងភូមិព្រៃស្លា ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង ដោយក្នុងមួយវត្តៗទទួលបាន ទៀនព្រះវស្សា១គូរ,ស្លាដក់១ឈុត,អង្ករ២០០គីឡូក្រាម,ស្ករស១០គីឡូក្រាម,តែ៥គីឡូក្រាម,ទឹកត្រី៥យួរ,ទឹកសុីអុីវ៥យួរ,ទឹកដោះគោ១កេះធំ,ទឹកក្រូច៥កេះ,ទឹកបរិសុទ្ធ៥កេះ,ប្រេងម៉ាស៊ូត១កាន,ក្រៅពីប្រគេនទៀនព្រះវស្សា ទេយ្យទាន និងគ្រឿងបរិក្ខារមួយចំនួនហើយនោះ ឯកឧត្តមនិងមន្ត្រីរួមដំណើរក៏បានប្រគេនបច្ច័យសម្រាប់ក៏សាងទីអារាម ក្នុង១វត្តចំនួន ៥លានរៀល ប្រគេនបច្ច័យដល់ព្រះសង្ឃចំនួន៥០ម៉ឺនរៀល,ជូនតាអាចារ្យ និងគណៈកម្មការវត្តក្នុង១នាក់ចំនួន១០ម៉ឺនរៀល,ជូនយាយជី តាជីចំនួន៩៨នាក់ក្នុងម្នាក់ៗ២ម៉ឺនរៀល ដោយក្នុងមួយវត្តៗចំនួន ៧.៧៥៧.៨០០៛ សរុបថវិការួមមានចំនួន ៦៩.៨២០.២០០រ។





ក្នុងឱកាសអញ្ជើញដល់ទីអារាមខាងលើ ឯកឧត្តម វង្ស ពិសេន ព្រមទាំងឯកឧត្តម លោកជំទាវដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីនេះ បានបូជាទៀនធុប និងថ្វាយគន្ធពិដោរ ចំពោះព្រះពុទ្ធបដិមាស្នងអង្គ ព្រះសម្មាសម្ពុទ្ធ ជាកិច្ចរំលឹកដល់គុណបុណ្យព្រះរតនត្រ័យតាមប្រពៃណី ព្រះពុទ្ធសាសនាដ៏រុងរឿងនៃយើង និងបានធ្វើបទនមសិកាថ្វាយបង្គំព្រះពុទ្ធរូប ថ្វាយបង្គំព្រះសង្ឃជាសាវៈនិងសមាទានសីលដើម្បីរំលឹកនឹកដល់ព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូនៃយើង។






បន្ទាប់ពីប្រារព្ធពិធីនានាតាមគន្លងប្រពៃណី ព្រះពុទ្ធសាសនារួចមកឯកឧត្តម វង្ស ពិសេន ព្រមទាំងឯកឧត្តម លោកជំទាវជាពុទ្ធបរិស័ទទាំងអស់បានវេរទៀនព្រះវស្សា ប្រេង គ្រឿងឧបភោគភេសជ្ជៈនិងគ្រឿងបរិក្ខារប្រគេនដល់ព្រះសង្ឃគ្រប់ព្រះអង្គទាំង៩វត្តដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងវត្តនានាដែលបាននិមន្តមកចូលរួមនៅវត្តព្រៃស្លា ប្រកបដោយសទ្ធាជ្រះថ្លាបំផុត។





ឆ្លៀតក្នុងឱកាសនោះដែរឯកឧត្តម អគ្គមេបញ្ជាការក៏បានធ្វើការសំណេះសំណាលជាមួយលោកតា លោកយាយ ក៏ដូចជាពុទ្ធបរិស័ទទាំងអស់ដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីនេះ និងបានលើកយកបញ្ហានានាដែលកំពុងកើតមានក្នុងពេលបច្ចុប្បន្ន ជាពិសេសបញ្ហាព្រំដែនរវាងប្រទេសកម្ពុជានិងប្រទេសថៃ ហើយក៏សូមអោយបងប្អូនទាំងអស់ជឿជាក់លើរាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លៀសវៃរបស់សម្តេច បវរធិបតី ហ៊ុន ម៉ាណែត ដែលតែងតែយកចិត្តទុកដាក់ដល់សុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ពេលវេលា គ្រប់ទីកន្លែង។





សូមបញ្ជាក់ផងដែរថាតាមទំនៀមទំលាប់ជាប្រពៃណីនៃព្រះពុទ្ធសាសនា ព្រះសង្ឃទាំងឡាយគ្រប់អារាមក្នុងព្រះរាជាណាចក្រកម្ពុជាត្រូវនិមន្តចូលកាន់ព្រះវស្សាអស់ថេរវេលា ៣ខែចាប់ពីថ្ងៃ១រោចខែអាសាធតទៅ។ពាក្យថា (វស្សា)ប្រែថា(ភ្លៀងឬរដូវភ្លៀង) ដែលមាន កំណត់រយ:ពេល៣ខែ រាប់ពីថ្ងៃ១រោច ខែអាសាធ ដល់ថ្ងៃ១៥ កើតខែ កត្តិក ក្នុងរយ:ពេល៣ខែនេះនៅគ្រប់ព្រះវិហារទាំង ឡាយគេតែងរក្សាភ្លើងទៀនព្រះវស្សា ធ្វើពីក្រមួនឲ្យឆេះជានិច្ច តែបច្ចុប្បន្ននេះដោយសាក្រមួនពុំសូវសំបូរគេនិយមប្រើប្រេងជំនួសវិញ ជួនកាលមានព្រះសង្ឃខ្លះពុំបានចូលព្រះវស្សាតាមកំណត់កាលវេលា៣ខែដោយមានធុរះអ្វីមួយ ឬដោយរោគាពាធិនោះ លោកអាចចូលបច្ឆិមិកវស្សាបានគឺលោកចូលនៅថ្ងៃ១រោជ ខែស្រាពហើយត្រូវគិតវស្សាឲ្យគ្រប់៣ខែដូចព្រះសង្ឃដែលចូលមុនគឺត្រូវចេញវិញ នៅថ្ងៃ១រោជ ខែកត្តិក។















ជាកិច្ចបញ្ចប់នៃកម្មវិធីឯកឧត្តម ក៏សូមបួងសួងដល់វត្ថុសក្តិសិទ្ធិទាំងអស់នៅក្នុងប្រទេសកម្ពុជា សូមអោយប្រជាជន ក្នុងប្រទេសកម្ពុជាទាំងមូល ជួបប្រទះតែសេចក្តីសុខ ចម្រើន ជារៀងរហូត និងសូមប្រគេនពរ និងជូនពរដល់ព្រះសង្ឃ និងលោកតា លោកយាយ ព្រមទាំងពុទ្ធបរិស័ទទាំងអស់ជួបតែ ពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕ដោយ: សូ សុខា

Powered by Blogger.