ឯកឧត្តម ថោ ជេដ្ឋា និងឯកឧត្ដម អ៊ុន ចាន់ដា ដឹកនាំមន្ត្រីបច្ចេកទេស ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ច្រាំងទន្លេមេគង្គ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម

នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម អមដំណើរ ដោយថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព ការងារសាងសង់ច្រាំងទន្លេមេគង្គ ដោយប្រើប្រាស់បាវ Geotextile ស្ថិតក្នុងឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។ 





សូមជម្រាបថា ការងារសាងសង់ច្រាំងទន្លេបានចាប់ផ្តើមអនុវត្ត ពីថ្ងៃទី២៩ ខែមិនា ឆ្នាំ២០២៥ គិតត្រឹមថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ ។ រហូតមកដល់ពេលនេះ គម្រោងខាងលើ សម្រេចការងារសាងសង់បានប្រមាណ ៤០% ស្មើនឹងប្រវៃង ៤៣០ម៉ែត្រ/៥០០ម៉ែត្រ ក្នុងនោះរួមមាន៖ ទី១.ប្រើបាវច្រកខ្សាច់ចំនួន ៩៧១បាវ ទី២.ទូកបូមខ្សាច់ចំនួន ១៦២ទូក ទី៣.ចាក់ដីបំពេញចំនួន ២៥០ឡាន(៥ម៉ែត្រគូប/ឡាន) និងទី៤.ការងាររៀបបាវខ្សាច់ ៣ជាន់ បានប្រវែង ៤៣០ម៉ែត្រ រៀបបាវ ៤ជាន់ប្រវែង ១០០ម៉ែត្រ និងរៀបបាវ ៥ជាន់ ប្រវែង ៥០ម៉ែត្រ ។







ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តមអភិបាល ខេត្តកំពង់ចាម បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះវឌ្ឍនភាពការងារដែលសម្រេចបាន ព្រមទាំងបានណែនាំដល់ក្រុមការងារបច្ចេកទេស ឲ្យបន្តពង្រឹងលើគុណភាព និងជំរុញការអនុវត្តការងារឱ្យសម្រេចបានតាមផែនការ ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងឆ្លើយតបតាមផែនការ ដើម្បី កាត់បន្ថយការបាក់ច្រាំងទន្លេ នៅភូមិសាស្រ្តខាងលើ ឱ្យបានជាអតិបរមា ៕

Powered by Blogger.