សារថ្លែងអំណរគុណ ជូនក្រុមការងាររៀបចំព្រឹត្តិការណ៍ “សង្ក្រាន្តក្រុង.ខេត្តព្រះសីហនុ” ឆ្នាំ២០២៥


ក្នុងនាមរដ្ឋបាលខេត្តព្រះសីហនុ ពិតជាមានមោទនភាព និងអំណរសាទរយ៉ាងក្រៃលែងបំផុតចំពោះការរៀបចំប្រកបដោយជោគជ័យនូវព្រឹត្តិការណ៍ “សង្ក្រាន្តព្រះសីហនុ” ឆ្នាំ២០២៥ ដែលមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋ ក្មេងចាស់ប្រុសស្រី និងភ្ញៀវទេសចរអន្តរជាតិ រាប់ម៉ឺននាក់ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥។



បរិយាកាសសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយយ៉ាងល្អប្រពៃនៃព្រឹត្តិការណ៍នេះ គឺជាសមិទ្ធផលរួមថ្មីមួយទៀតរបស់រដ្ឋបាលខេត្ត និងប្រជាជនក្នុងខេត្តព្រះសីហនុទាំងមូល ដែលកើតចេញពីមនុញ្ញផលនៃមរតកសុខសន្តិភាព និងការដឹកនាំប្រកបដោយភាពប៉ិនប្រសប់ និងទស្សនវិស័យជឿនលឿនរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិលកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ 




នៅពីក្រោយស្នាមញញឹម និងក្ដីរីករាយយ៉ាងកងរំពងរបស់បងប្អូនប្រជាពលរដ្ឋ ប្រាកដណាស់គឺភាពស្វាហាប់នៃការបំពេញតួនាទី និងភារកិច្ច ប្រកបដោយការលះបង់ខ្ពស់របស់ក្រុមការងារគ្រប់ផ្នែក ទាំងអនុគណៈកម្មការនីមួយៗ កងកម្លាំងចម្រុះ ក្រុមគ្រូពេទ្យ យុវជនស្ម័គ្រចិត្ត និងក្រុមអនាម័យ...។ តាមពិតអ្នកទាំងអស់គ្នាត្រូវជួបជុំក្រុមគ្រួសារ ដូចជនរួមជាតិទូទៅដែរ ប៉ុន្តែផ្ទុយទៅវិញ បានលះបង់ឱកាសនេះ ដើម្បីជោគជ័យនៃព្រឹត្តិការណ៍ “សង្ក្រាន្តព្រះសីហនុ” របស់យើង។




រដ្ឋបាលខេត្តព្រះសីហនុ សូមថ្លែងអំណរគុណនិងកោតសរសើរចំពោះអាជ្ញាធរនៃបណ្ដាស្រុក និងឃុំនានា រួមទាំងមន្ត្រីនគរបាលជាតិនៃអធិការដ្ឋាន និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ដែលបានដឹកនាំ និងចូលរួមយ៉ាងសកម្មក្នុងការរៀបចំកម្មវិធីកម្សាន្តសប្បាយនានានៅតាមភូមិស្រុក និងទីអារាមទូទាំងខេត្តព្រះសីហនុ ប្រកបដោយបរិយាកាសសន្តិសុខ និងសុវត្ថិភាពយ៉ាងល្អប្រសើរ សម្រាប់បងប្អូន ដែលមិនបានមកចូលរួមក្នុងព្រឹត្តិការណ៍ធំនៅទីរួមខេត្ត។ 




ឆ្លៀតក្នុងឱកាសនេះដែរ ក្នុងនាមថ្នាក់ដឹកនាំខេត្តព្រះសីហនុ សូមផ្ញើនូវសេចក្ដីថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំរដ្ឋបាលរ ខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ រួមទាំងកងកម្លាំងនគរបាលជាតិ កម្លាំងប្រជាការពារ និងកងកម្លាំងចម្រុះ ដែលបានដឹកនាំ សហការ និងគាំទ្រយ៉ាងសកម្មចំពោះការរៀបចំកម្មវិធីសង្ក្រាន្តឆ្នាំថ្មី យ៉ាងអធិកអធម និងប្រកបដោយជោគជ័យជូនបងប្អូនប្រជាពលរដ្ឋ លេងកម្សាន្តសប្បាយនៅទូទាំងខេត្តព្រះសីហនុ។



រដ្ឋបាលខេត្តព្រះសីហនុ សូមបួងសួងដល់ទេវតាឆ្នាំថ្មី ព្រះនាម គោរាគទេវី តាមអភិបាលរក្សាថ្នាក់ដឹកនាំ និងសមាជិក សមាជិកានៃគណៈកម្មការ និងអនុគណៈកម្មការរៀបចំព្រឹត្តិការណ៍ “សង្ក្រាន្តព្រះសីហនុ” ឆ្នាំ២០២៥ ព្រមទាំងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ ក៏ដូចជាជនរួមជាតិទូទាំងប្រទេស បានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងសូមទទួលបានជោគជ័យគ្រប់ភារកិច្ច៕
Powered by Blogger.